Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រាជរដ្ឋាភិបាលគ្រប់អាណត្តិនៅតែយកចិត្តទុកដាក់ចំពោះជីវភាពពលរដ្ឋជាអាទិភាព និងមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ

អភិបាលខេត្តកំពតបានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋកម្ពុជាត្រូវបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដោយពេលនោះក្រោមការដឹកនាំរបស់សម្តេចតេជោ សម្តេចបានដាក់ចេញនូវគោលការណ៍យ៉ាងច្បាស់លាស់ គឺមិនឱ្យពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ដោយអត់ឃ្លាននោះទេ។ ហើយមកដល់បច្ចុប្បន្ន បើទោះបីជាប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក៏ពិតមែន តែរាជរដ្ឋាភិបាលនៅតែគិតគូរជានិច្ចចំពោះទុក្ខលំបាក ការខ្វះខាតក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ និងមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋទីទ័លក្រ ខ្វះខាតចំនួន ២០០គ្រួសារ ដែលមកពី ១១ឃុំក្នុងស្រុកអង្គរជ័យ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឡើងក្នុងបរិវេណវត្តអង្គរជ័យ ស្ថិតក្នុងឃុំអង្គរជ័យ ស្រុកអង្គរជ័យ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បន្ទាប់ពីការរំដោះប្រជាជនចេញពីភ្លើងសង្គ្រាម ហើយបាននាំមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន ដោយការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន កត្តាជាអាទិភាពដំបូងគឺការផ្តល់ស្បៀងអាហារជូនពលរដ្ឋដើម្បីចិញ្ចឹមជីវិត និងគ្រួសារ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោយពេលប្រទេសទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជាច្រើនអាណត្តិកន្លងមក សម្តេចបានដាក់ចេញនូវគោលនយោបាយ និងគោលការណ៍យ៉ាងម៉ើងម៉ាត់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវរួមសុខរួមទុក្ខជាមួយពលរដ្ឋ ហើយត្រូវដឹងពីតម្រូវការរបស់ពួកគាត់ ពិសេសជីវភាពរស់នៅឱ្យគ្រប់ខ្នងផ្ទះ ដោយមិនត្រូវទុក្ខពលរដ្ឋក្នុងមូលដ្ឋានឱ្យស្លាប់ដោយអត់ឃ្លាននោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា មកដល់បច្ចុប្បន្នក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏សម្តេចនៅតែបន្តគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ពលរដ្ឋនៅទូទាំងប្រទេស ពិសេសពលរដ្ឋដែលជួបការលំបាកខ្វះខាត និងមានជីវភាពទីទ័លក្រជាដើម។ ជាក់ស្តែងក្នុងថ្ងៃនេះ ក្រោមកិច្ចអង្អុលការពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុកបានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនដែលជួបការលំបាក និងខ្វះខាតចំនួន ២០០គ្រួសារនាពេលនេះ។ ឯកឧត្ដមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមដែរថា ឯកឧត្តមនឹងបន្តចុះជួបជាមួយពលរដ្ឋដែលជួបការលំបាកខ្វះខាតទាំង៩ក្រុង-ស្រុក នៅរៀងរាល់ ៣ខែម្តង ហើយអាជ្ញាធរក្រុង-ស្រុកទាំងអស់ មេឃុំ មេភូមិ ត្រូវស្រាវជ្រាវ និងស្វែងរកគ្រួសារពលរដ្ឋដែលជួបការលំបាកខ្វះខាតពិតប្រាកដក្នុងមូលដ្ឋានរបស់ខ្លួន។

អំណោយដែលចែកជូនពលរដ្ឋទាំង ២០០គ្រួសាររួមមាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ ១យួរ និងសារ៉ុង១។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តក៏បានប្រគល់អំពូលសូឡាចំនួន ២៥កំប្លេរ (អំពូល២៥ បង្គោលភ្លើង២៥) ដល់អាជ្ញាធរឃុំ អង្គរជ័យ ដើម្បីបំភ្លឺជូនបងប្អូនអាជីវករលក់ដូរពេលព្រឹកព្រលឹមនៅផ្សារក្តួច៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង














Post a Comment

0 Comments