Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អ្នកតំណាងរាស្ត្រមណ្ឌលកំពត៖ ទឹកចិត្តនិងស្មារតីលះបង់របស់កងទ័ពជួរមុខនិងគ្រួសារកាត់ថ្លៃមិនបានឡើយ

លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកឈូ បានលើកឡើងថា យើងទាំងអស់គ្នារស់នៅបានសុខដូចថ្ងៃនេះ គឺដោយសារតែទឹកចិត្ត និងស្មារតីស្នេហាជាតិ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ របស់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារ។ ហើយក្នុងនាមជាអ្នកជួរក្រោយ សូមថ្លែងអំណរគុណ និងចងចាំនូវគំរូវីរភាពដ៏អង់អាចនេះជាររៀងរហូត។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជុំទី៦ដល់ក្រុមគ្រួសារកងទ័ពក្នុងស្រុកទឹកឈូ ខេត្តកំពត នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកឈូ បានមានប្រសាសន៍ថា ជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមកនេះ ធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែអំពើឈ្លានពានយ៉ាងព្រៃផ្សៃរបស់ទាហានថៃមកលើកម្ពុជា និងពលរដ្ឋស្លូតត្រង់។

លោកជំទាវបានបញ្ជាក់ថា ទង្វើដែលសៀមបានធ្វើទុក្ខបុកម្នេញលើពលរដ្ឋ និងប្រទេសកម្ពុជា ជាអំពើរបស់ចោរឈ្លានពានដណ្តើមទឹកដីកម្ពុជា ហើយអ្វីដែលពួកគេដណ្តើមមិនបាន គេក៏បាញ់បំផ្លាញចោល ក្នុងនោះមានដូចជា ប្រសាទព្រះវិហារ និងប្រាសាទតាក្របី ដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងអន្តរជាតិ ផ្ទះពលរដ្ឋ សាលារៀន វត្តអារាម អគាររដ្ឋបាល ផ្លូវ និងស្ពានជាដើម និងធ្វើឲ្យបាត់បង់ជីវិតវីរកងទ័ព និងជនស៊ីវិលជាច្រើននាក់។ សោកនាដកម្ម នៃការឈ្លានពានបំផ្លិចបំផ្លាញរបស់ចោរសៀមមកលើកកម្ពុជាបានបន្សល់ នូវកំហឹង និងការឈឺចាប់យ៉ាងខ្លាំង ពិសេសក្រុមគ្រួសារយុទ្ធជនពលី និងពលរដ្ឋភៀសសឹក ដែលរហូតមកដល់ថ្ងៃនេះ ទោះមានបទឈប់បាញ់ អ្នកខ្លះនៅមិនទាន់បានត្រឡប់ទៅឃើញផ្ទះរបស់ខ្លួនវិញនោះឡើយ  ខណៈដែលពលរដ្ឋដែលបានត្រឡប់ទៅដល់ផ្ទះបាត់របស់របរប្រើប្រាស់ និងសម្បត្តិមានតម្លៃអស់ ហើយខ្លះទៀតផ្ទះសម្បែងត្រូវចោរសៀមរិបអូស និងបំផ្លាញចោលផងដែរ។

យ៉ាងណាក៏ដោយ លោកជំទាវបានបញ្ជាក់ថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយ  និងមានភាពអត់ធ្មត់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសទឹកចិត្ត និងស្មារតីអង់អាចក្លាហាន និងហ៊ានលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ព និងក្រុមគ្រួសារកងទ័ពដើម្បីការពារទឹកដី  និងការចូលរួមរបស់ពលរដ្ឋជួរក្រោយ បានធ្វើឱ្យអន្តរជាតិ អង្គការ សមាគម ស្ថាប័ន និងប្រទេសមហាអំណាចនៅជុំវិញពិភពលោកគាំទ្រកម្ពុជា និងជួយអន្តរគមន៍ជំរុញឱ្យមានបទឈប់បាញ់។ លោកជំទាវបានថ្លែងអំណរគុណ និងចងចាំនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងស្មារតីលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងទ័ពជួរមុខ និងក្រុមគ្រួសារទ័ពទាំងអស់។ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ មានស្មារតីឯកភាពជាតិ ខ្មែរជួយខ្មែរ គាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីឈានទៅ ដោះស្រាយបញ្ចប់បញ្ហា និងទាមទាតវ៉ារកយុត្តិធម៌មកឲ្យកម្ពុជា។

តាមរបាយការណ៍របស់ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគដែលត្រូវប្រគល់ជូនក្រុមគ្រួសារកងទ័ពជួរមុខចំនួន ៧៧គ្រួសារ  ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៤០គីឡូក្រាម, គ្រឿងឧបភោគ បរិភោគ ១កញ្ចប់ និងថវិកាចំនួន ២០ម៉ឺនរៀល សរុបថវិកាអស់ចំនួន ១៥,៤០០,០០០រៀល៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments