Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងផែនការ៖ ការវិភាគមុខងារជាកំណែទម្រង់សំខាន់នឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ

រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា ការវិភាគមុខងារជាកំណែទម្រង់ថ្មីមួយធំណាស់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ បច្ចុប្បន្នរដ្ឋបាលថ្នាក់ជាតិ ក្រសួង ស្ថានប័នបាន និងកំពុងរៀបចំការវិភាគមុខងារនេះ ផ្លោតលើចំណុចគន្លិះចំនួន៣។ ហើយក្រោយពេលការវិភាគមុខងារចប់រួចរាល់ រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយធ្វើឲ្យការងារមន្ទីរអង្គភាពកាន់តែមានប្រសិទ្ធភាព។

ថ្លែងនៅក្នុងពិធីប្រកាស លោក កៅ ប៊ុណ្ណា ចូលកាន់តំណែងជាប្រធានមន្ទីរផែនការខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥  នៅសាលបូកគោ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧  នៃរដ្ឋសភា បាននឹងកំពុងរៀបចំការវិភាគមុខងារ ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលថ្នាក់ជាតិ ក្រសួង ស្ថាប័ន និងអាជ្ញាធរផ្សេងៗមិនឱ្យស្ទួនគ្នា ឬមានការច្របូកច្របល់ក្នុងការអនុវត្ត។ ការរៀបចំរចនាសម្ព័ន្ធរដ្ឋឱ្យមានភាពសមរម្យតាមតម្រូវការ នៃការអភិវឌ្ឍន៍ប្រទេស ថាតើមុខងារណាគួររក្សា គូរត្រូវប្តូរ ឬត្រូវបញ្ចូលជាមួយគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការវិភាគមុខងារជាជំហានមួយសំខាន់ណាស់ សម្រាប់រៀបចំផែនការការងារយុទ្ធសាស្ត្រថ្មី របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ឱ្យមានភាពត្រឹមត្រូវ និងកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ប្រធានមន្ទីរថ្មី សូមបន្តអនុវត្ត និងគោរពតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់មន្ទីរ ព្រមទាំងខិតខំបំពេញការងារតាមតួនាទីភារកិច្ចស្នូល ដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញ ក្នុងការសិក្សាស្វែងយល់អំពីការអភិវឌ្ឍន៍ នៃប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីលើកគុណភាពការងាររបស់មន្ទីរឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានចូលរួមអបអរសាទរ ជាមួយនឹងលោកប្រធានមន្ទីរផែនការថ្មី ដែលទទួលបានការជឿទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ដែរថា សម្រាប់ខេត្តកំពត ការជ្រើសរើសឬតែងតាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព គឺមានការគិតគូរ និងវាយតម្លៃច្បាស់លាស់ណាស់ ទាំងសមត្តភាព លទ្ធភាព សីលធម៌ គុណធម៌ ដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពការងារនៃមន្ទីរ អង្គភាពទាំងនោះ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
























Post a Comment

0 Comments