មន្ត្រីជំនាញ និងភ្ញៀវទេសចរដែលជិះរថយន្តក្រុងដោយឥតគិតថ្លៃវិលត្រឡប់ទៅភ្នំពេញវិញ បានប្រាប់ឱ្យដឹងថា ថ្ងៃនេះភ្ញៀវទេសចរនៅតែបន្តមកលេងខេត្តកំពតច្រើនដូចថ្ងៃម្សិលម៉ិញដែរ ព្រោះអ្នកខ្លះមិនទាន់ចូលធ្វើការនៅឡើយទេ ហើយអ្នកខ្លះទើបនាំគ្នាមកដើរកម្សាន្តដោយរថយន្តផ្ទាល់ខ្លួន។ ពួកគាត់ថ្លែអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់សេវាជឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ផ្តល់ឱកាសឱ្យពួកគាត់ដើរកម្សាន្តដោយរីករាយ និងសុវត្ថិភាពនៅខេត្តកំពតដ៏ស្រស់ស្អាត។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃរបស់សាលារាជធានីភ្នំពេញ បានវិលត្រឡប់ទៅភ្នំពេញវិញជាបណ្តើរៗហើយ។ ជាក់ស្តែងព្រឹកមិញនេះ មានរថយន្តក្រុងចំនួន ៣គ្រឿងបានដឹកប្រជាពលរដ្ឋ និងភ្ញៀវចេញទៅភ្នំពេញវិញ។ ប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តក្នុងខេត្តកំពតនាឱកាសបុណ្យភ្ជុំបិណ្ឌ បានសម្តែងទឹកចិត្តសប្បាយរីករាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញទេសភាព បរិយាកាស និងភាពអ៊ូអរ នៅលើទឹកដីខេត្តកំពតដ៏ទាក់ទាញ។ ពួកគាត់ក៏បានថ្លែអំណរគុណដល់អភិបាលខេត្តកំពត ដែលបានអភិវឌ្ឍន៍ខេត្តបានស្អាត សេវាកម្មមានភាបល្អប្រសើរ និងគ្មានការដំឡើងថ្លៃ។ ពួកគាត់ជាប់ចិត្ត និងមិនទាន់ចង់ត្រឡប់ទៅវិញឡើយ ហើយពួកគាត់ក៏បានថ្លៃអរគុណដល់រាជរដ្ឋាភិបាលដែលផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ និងចង់ឱ្យមានសេវានេះជារៀងរាល់ឆ្នាំបន្តទៅមុខទៀត។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា តាមការសន្និដ្ឋានរបស់លោក នៅថ្ងៃទី២៤ ខែកញ្ញានេះ ស្ថានភាពភ្ញៀវទេសចរដើរកម្សាន្តនៅខេត្តកំពត មានសភាពល្អប្រសើរ និងច្រើនដូចកាលពីម្សិលម៉ិញដែរ។ ជាក់ស្តែងបន្ទប់ស្នាក់នៅត្រូវបានកក់ស្ទើរពេញអស់ទៅហើយ។ លោកបានបញ្ជាក់ថា ទោះបីខេត្តកំពតមានអាកាសធាតុភ្លៀងរលឹមបន្តិចមែន ប៉ុន្តែភ្ញៀវទេសចរនៅតែចេញដើរលេងច្រើន ពិសេសនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត។ លោកប្រធានមន្ទីរក៏បានថ្លែងអំណរគុណដល់អ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្តកំពតទាំងអស់ ដែលបានអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានល្អ ដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទទួលយកសេវាកម្ម និងនាំគ្នាពពាក់ពពូនមកលេងកម្សាន្តក្នុងខេត្តកំពតមិនចង់វិលត្រឡប់ទៅវិញ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments