មន្ត្រីជំនាញបានបញ្ជាក់ថា ការងារគ្រប់គ្រងធនធានជលផលនៅខេត្តកំពតមានភាពល្អប្រសើរ ដោយសារមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រោមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឱ្យផលនេសាទរក្សាបាននូវកំណើន និងនិរន្តរភាព។ ជាក់ស្តែងនៅឆមាសទី១ ឆ្នាំ២០២៥នេះ ខេត្តកំពតប្រមូលផលនេសាទបានជាង ១ម៉ឺនតោន គឺមានការកើនឡើងប្រមាណ៥% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន បានប្រាប់ឱ្យដឹងថា សម្រាប់ទីតាំងភូមិសាស្ត្រខេត្តកំពត មានភាពអំណោយផលលើការងារជលផល គឺមានទាំងការនេសាទសមុទ្រ និងការនេសាទទឹកសាបដែលធ្វើនៅតាមវាលស្រែ វាលទំនាប បឹង ត្រពាំង អូរ ប្រឡាយ និងអាងទឹកសាធារណៈជាដើម។ ការនេសាទជាលក្ខណៈសិប្បកម្ម និងលក្ខណៈគ្រួសារ សម្រាប់ហូប និងលក់ដូរផងដែរ។ លោកក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ការគ្រប់គ្រង់ការងារជលផលនៅក្នុងខេត្តមានភាពល្អប្រសើរ និងរក្សាបាននូវកំណើន និងនិរន្តរភាពនៃផលនេសាទគ្រប់ប្រភេទ។លោកនាយខណ្ឌជលផលបានបន្តថា ដោយមានមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រោមការណែនាំនិងដាក់ចុះនូវវិធានការផ្សេងៗរបស់ឯកឧត្តមអភិបាលខេត្ត ជាក់ស្តែងនៅឆ្នាំមាសទី១ ឆ្នាំ២០២៥នេះ ខេត្តប្រមូលផលនេសាទបាន ១០.២០៥តោន ក្នុងនោះ ផលនេសាទទឹកសាបចំនួន ១.៩៤៦តោន និងផលនេសាទសមុទ្រចំនួន ៨.២៥៩តោន។ លោកបានបញ្ជាក់បន្ថែមផងដែរថា ដើម្បីរក្សាឱ្យបាននូវកំណើនផលនេសាទនេះ នៅឆ្នាំបន្តបន្ទាប់ទៀត អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូ បានធ្វើកិច្ចការងារជាច្រើន ដើម្បីជំរុញនិងលើកកម្ពស់ដល់សហគមន៍ ពិសេសប្រជានេសាទ តាមរយៈការងារអភិរក្ស ការអភិវឌ្ឍវារីវប្បកម្ម និងការបង្កើតការងារបន្ថែម។
សូមបញ្ជាក់ថា ការនេសាទសមុទ្រនៅខេត្តកំពតប្រើប្រាស់ ទូក-កាណូតនេសាទ សរុបមានចំនួន ១.០៥៣គ្រឿង ដោយប្រើឧបករណ៍អួនអូស លបក្តាម មងក្តាម មងត្រី មងបង្គា មងកេវ ធ្នាក់មឹកសំបកខ្យង ឈិបរុញដៃជាដើម។ល។ ជាមួយគ្នានេះដែរ ប្រជានេសាទមួយចំនួនតូវនៅតែមានការលួចប្រើឧបករណ៍ខុសច្បាប់នៅឡើយដែរ ពិសេសលបកន្ទុយកណ្តុរ ហើយនៅក្នុងឆមាសទី១នេះ មន្ត្រីជលផលបានរឹបអូស និងបំផ្លាញលបកន្ទុយកណ្តុរាបាន ២០ករណី ដែលស្មើនឹង ៦០៤លប៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments