នៅព្រឹកថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្តកំពត និងមន្ទីរពាណិជ្ជកម្មខេត្តបានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលសក្តានុពលរបស់ខេត្តកំពតរយៈពេល ៣ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅបរិវេណផ្សារចុងសបា្តហ៍អតីតស្ថានីយប្រេងឥន្ទនៈតូតាល់ ទីរួមខេត្តកំពត។
មានមតិក្នុងពិធីនេះ ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ឯកឧត្ដមតែងតែគិតគូរ និងដាក់ចេញនូវវិធានការណ៍ផ្សេងៗ ក្នុងន័យដើម្បីជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុករបស់ប្រជាកសិករ ពិសេសលើកកម្ពស់ផលិតផលសក្តានុពលរបស់ខេត្ត។ ឯកឧត្ដមអភិបាលរងខេត្តបានបន្តថា ខេត្តកំពតគឺជាខេត្តមួយដែលសំបូរទៅដោយធនធានធម្មជាតិ និងដំណាំសក្តានុពលជាច្រើនដែលមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំថែរក្សាអោយបាននូវកេរ្ត៍ឈ្មោះរបស់ផលិតផលខេត្ត ដោយប្រើប្រាស់នូវភាពស្មោះត្រង់ មិនលក់កេងបន្លំអតិថិជន ដែលជាកត្តាធ្វើអោយខូចឈ្មោះផលិតរបស់ខេត្តយើង។
ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលសក្តានុពលរបស់ខេត្តកំពត ដល់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដើម្បីជំរុញចលនាភូមិ១ផលិតផល១ ផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍រវាងអាជីវករ និងអាជីវករ បង្កើនឱកាសទីផ្សារ ភាពជាដៃគូអភិវឌ្ឍន៍ផ្នែកវិស័យពាណិជ្ជកម្មឱ្យមានការរីកចម្រើនឈានឡើង និងមានការ ផ្តល់ប្រឹក្សាលើមុខទំនិញនានាដែលចូលរួមក្នុងកម្មវិធីតាំងបង្ហាញ មន្ទីរពាណិជ្ជកម្មខេត្តកំពត នឹងរៀបចំកម្មវិធីតាំង បង្ហាញផលិតផលសក្តានុពលខេត្តកំពតឆ្នាំ២០២៥ ដែលមានរយៈពេលបីថ្ងៃ ដោយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments