Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េចុះអនុស្សរណៈស្តីពីការផ្តល់ជំនួយមនុស្សធម៌សម្រាប់ខេត្តកំពតក្នុងទំហំទឹកប្រាក់ ៥លានដុល្លារ

ដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ប្រធានគណៈកម្មការ រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (GLS) បាននាំយកអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជំនួយមនុស្សធម៌ ដែលរួមមាន ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ(២០២៥-២០៣០) ជូនរដ្ឋបាលខេត្តកំពត។

កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (GLS) ដឹកនាំដោយលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិ បានអញ្ជើញនាំយកអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជំនួយមនុស្សធម៌ ដែលរួមមាន៖ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ(២០២៥-២០៣០) ជូនរដ្ឋបាលខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន  អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា ជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនោះ កំណើននៃប្រជាពលរដ្ឋក៏មានការកើនឡើង ហើយបញ្ហាសុខមាលភាពប្រជាពលរដ្ឋក៏ជាបញ្ហាចំបងដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិតគូរជានិច្ច ដោយបច្ចុប្បន្ន ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែជំរុញឱ្យមានមណ្ឌលសុខភាពនៅគ្រប់ទីកន្លែង ទោះបីជានៅតំបន់ដាច់ស្រយាលក៏ដោយ ដើម្បីធ្វើយ៉ាងណាប្រជាពលរដ្ឋទាំងអស់បានទទួលការថែទាំសុខភាពគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (GLS) ដែលនឹងផ្តល់នូវជំនួយមនុស្សធម៌ ដែលរួមមាន៖ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសុខាភិបាលសម្រាប់រយៈពេល ៥ឆ្នាំ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្រាប់ជំនួយទាំងនេះ រដ្ឋបាលខេត្តនិងចាត់ចែងសម្រាប់ការប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធិភាព។

សូមបញ្ជាក់ថា គម្រោងជំនួយមនុស្សធម៌ទាំងអស់នេះ គឺជាសមិទ្ធផលប្រកបដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យបានកាន់តែប្រសើរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង









Post a Comment

0 Comments