ដើម្បីជម្រុញឱ្យការវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម និងអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងខេត្តកំពត សភាពាណិជ្ជកម្មកំពត-កែប បានរៀបចំវេទិកាធុរកិច្ច ដើម្បីផ្តល់ឱកាសឱ្យធុរជនបានឃើញពីសក្តានុពលវិនិយោគ និងសិក្សាពីការវិនិយោគនៅកម្ពុជា ពិសេសខេត្តកំពត។ វេទិកានេះមានក្រុមហ៊ុនវៀតណាមចំនួន៤០ មកបំពេញធុរៈកិច្ចនៅខេត្តកំពត ដោយបានសហការជួបជាមួយសហគ្រាស ក្រុមហ៊ុន និងធុរជនខេត្តកំពត។
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកំពត-កែប បានបើកវេទិការធុរកិច្ច កម្ពុជា-វៀតណាម ក្រោមអធិបតីភាព លោកស្រី មុយ វីរ័ត្ន អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយវេទិកានេះមានការចូលរួមពីសំណាក់សហគ្រាស ក្រុមហ៊ុន និងធុរជនខេត្តកំពត និងក្រុមហ៊ុនចំនួន៤០ មកពីប្រទសវៀតណាម ដែលវេទិការនេះធ្វើឡើងនៅសណ្ឋាគារ ភាពសុខុម ទីរួមខេត្តកំពត។ប្រធានសភាពាណិជ្ជកម្មកំពត-កែប លោកឧកញ៉ាបណ្ឌិត ហាក់ សុវណ្ណា បានគូសបញ្ជាក់ថា ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នាពេលនេះ គឺដើម្បីធ្វើការបង្ហាញពីសក្តានុពលវិនិយោគក្នុងខេត្តកំពត ទៅកាន់ធុរជនដែលជាម្ចាស់ក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសវៀតណាម ដែលមានបំណងចង់ធ្វើការវិនិយោគនៅក្នុងខេត្ត។ ប្រធានសភាពាណិជ្ជកម្មកំពត-កែប បានបញ្ជាក់បន្ថែមថា ខេត្តកំពត គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើគ្រប់វិស័យ ទាំងវិស័យកសិកម្ម ឧស្សាហកម្ម រ៉ែ ទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ខេត្តក៏មានប្រព័ន្ធដឹកជញ្ជូនជាច្រើនដូចជា ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ពិសេសមានកំពង់ផែទឹកជ្រៅសម្រាប់ចរាចរណ៍ទំនិញ និងកំពង់ផែទេសចរណ៍អន្តរជាតិសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកផងដែរ ដែលកត្តាទាំងនេះនឹងអាចផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគលើគ្រប់វិស័យទាំងអស់ក្នុងខេត្ត ហើយវេទិកានេះនឹងនាំអ្នកវិនិយោគិនមកធ្វើការវិនិយោគក្នុងខេត្តកំពត។
មានមតិក្នុងវេទកានេះដែរ លោកស្រី មុយ វីរ័ត្ន អភិបាលរងខេត្ត បានលើកឡើងថា ពេលនេះជាឱកាសនិងជាពេលវេលាដ៏មានតម្លៃសម្រាប់អ្នកវិនិយោគិនក្នុងខេត្តកំពតរបស់យើង ក៏ដូចជាបណ្តាធុរៈកិច្ចវៀតណាមដែលបានមកបំពេញការងារ សិក្សាស្វែងយល់នូវសក្តានុពលក្នុងខេត្តកំពត ដើម្បីសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម សហគ្រាសធុនតូចមធ្យម ទេសចរណ៍ ដើម្បីជំរុញការវិនិយោគក្នុងខេត្តឱ្យមានសន្ទុះកាន់តែខ្លាំង ដើម្បីរួមចំណែកពង្រីកឱ្យវិស័យធុរកិច្ចកាន់តែល្អប្រសើរ។ លោកស្រីអភិបាលរងខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមធ្វើការសហការ គាំទ្រ រាល់ការធ្វើអាជីវកម្ម លើវិស័យពាណិជ្ជកម្ម កសិកម្ម សហគ្រាសធុនតូចមធ្យម វិស័យទេសចរណ៍ និងការវិនិយោគផ្សេងៗ តាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ហើយរដ្ឋបាលខេត្តក៏មានសេចក្តីសោមនស្ស សប្បាយរីករាយ ដែលបានឃើញវិស័យឯកជនទូទាំងប្រទេស បានជូបជុំពិភាក្សាគ្នារកគន្លឹះ ដើម្បីសហការគ្នាវិនិយោគ តាមរយៈនៃការប្រមូលផ្តុំរបស់សភាពាណិជ្ជកម្មកំពត-កែប និងតាមការយល់ដឹងផ្សេងៗរបស់ពាណិជ្ជកររបស់យើង។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មកំពត-កែប រៀបចំវេទិការធុរកិច្ចនេះឡើង ក្នុងគោលបំណងដើម្បីជម្រុញឱ្យមានការវិនិយោគ ការធ្វើពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងខេត្តកំពត ដែលសភាពាណិជ្ជកម្មសាខាកំពត-កែប បានដឹកនាំក្រុមហ៊ុនវៀតណាមចំនួន ៤០ក្រុមហ៊ុន មកបំពេញធុរៈកិច្ចនៅខេត្តកំពត ដោយបានសហការជួបជាមួយសហគ្រាស ក្រុមហ៊ុន និងធុរកិច្ចខេត្តកំពតដើម្បីបង្ហាញពីសក្តានុពលខេត្ត និងសិក្សាការវិនិយោគនៅកម្ពុជា ពិសេសក្នុងខេត្តកំពត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments