មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពតបានធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្កើនសោភ័នភាពបរិស្ថានខេត្ត តាមរយៈការចូលរួមសម្អាត និងទុកដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈ សាលារៀន វត្តអារាម ដងផ្លូវ និងបរិវេណអង្គភាព ឬស្ថាប័នទាំងរដ្ឋ និងឯកជន ពិសេសលំនៅឋានពលរដ្ឋ ដើម្បីបង្ហាញអំពីវប្បធម៌រស់នៅដ៏ថ្លៃថ្នូរ និងទាក់ទាញទេសចរឱ្យកាន់តែច្រើន។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសំអាតអនាម័យបរិស្ថានប្រចាំនព្វមាស ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នៅទូទាំងខេត្ត នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កំពតជាខេត្តទេសចរណ៍កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរចន្លោះពី ៣៥,០០០ ទៅ ជាង៤ម៉ឹននាក់ក្នុងមួយសប្តាហ៍។ កត្តាអនាម័យបរិស្ថាន សោភ័ណភាព ទេសភាព និងបរិយាកាស គឺជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងរក្សាបាននូវកំណើនភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ស្ថាប័នរដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយកចិត្តទុកដាក់លើការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ចូលរួមសម្អាតបរិស្ថានជាបន្តបន្ទាប់ និងបង្កើនបរិស្ថានបៃតង ដែលវាជាគន្លឹះសំខាន់ក្នុងការរក្សាក្រុងកំពតឱ្យជាទីក្រុងស្អាត រំដួល៣ទង និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានធ្វើរបាយការណ៍លទ្ធផលការងារប្រចាំនព្វមាស ដោយបង្ហាញពីកិច្ចខិតខំរបស់អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងភាគីពាក់ព័ន្ធក្នុងការជំរុញយុទ្ធនាការសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលល្អ។ លោកប្រធានមន្ទីរបានបន្តថា ការសម្អាតអនាម័យបរិស្ថានគឺជាកិច្ចការទូទៅមិនអាចខ្វះបានទេ ហើយបច្ចុច្បន្នយើងបាននិងកំពុងបន្តអនុវត្តន៍យុទ្ធនាការទាំងបីរបស់ក្រសួងដែលក្នុងនោះរួមមាន យុទ្ធនាការថ្ងៃនេះថ្ងៃស្អែក ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការដងផ្លូវជាតិស្អាត។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនឹងធ្វើឱ្យខេត្តកំពតកាន់តែមានសោភ័ណភាព និងមានទាក់ទាញភ្ញៀវទេសចរជាងមុន។
ក្នុងកិច្ចប្រជុំនេះដែរ លោក សារុន សំបូរ អគ្គនាយករងក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អាជ្ញាធរខេត្តកំពត លើកិច្ចការងារលើកកម្ពស់អនាម័យបរិស្ថានបានល្អប្រសើរ ដោយអនុលោមទៅតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន (ការពារ អភិវឌ្ឍន៍ និងសង្គម)។ លោកអគ្គនាយករងបានធ្វើការស្នើសុំឱ្យបន្តរួមគ្នាថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរបន្ថែមទៀត ដោយផ្តោតលើ (ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត) ដើម្បីបន្តការរស់រាននៅលើផែនដី៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments