អភិបាលខេត្តកំពតបានស្នើរដល់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ត្រូវចូលរួមផ្តល់នូវធាតុចូលអំពីការរៀបចំប្លង់គោល និងប្រើប្រាស់ដីឱ្យបានផុសផុលនិងចំគោលដៅ ដើម្បីឈានសម្រេចឯកភាពលើផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដីក្រុង។ ការរៀបចំ និងប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ពិសេសការរៀបចំប្លង់គោលខេត្តបានត្រឹមត្រូវនឹងធ្វើឱ្យខេត្តមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យនាពេលអនាគត។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់ការឯកភាព លើសេចក្តីព្រាងផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដីក្រុង នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ប្រធានគណៈកម្មការគណៈកម្មការរៀបចំដែនដីខេត្ត និងជាប្រធានគណៈកម្មការសុរិយោដីខេត្ត បានលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលជាប់នឹងតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយគឺជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដែលកំពុងទទួលការពេញនិយមក្នុងការមកលេងកម្សាន្តពីសំណាក់ភ្ញៀវទេចរជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការអភិវឌ្ឍ ពិសេសការប្រើប្រាស់ដីធ្លី ជំរុញការកែច្នៃអភិវឌ្ឍន៍តំបន់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ ដើម្បីបង្កើនសោភ័ណភាព។ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះផែនការរៀបចំដែនដីគឺជាគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាគោលនយោបាយដីធ្លីដែលបានដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការណែនាំថា “យើងត្រូវរៀបចំផ្ទះសំបែង” ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាអនុវត្តន៍។ ហើយផែនការរៀបចំដែនដីថ្នាក់ខេត្តនេះ គឺជាត្រីវិស័យមួយសម្រាប់កំណត់ជាគោលដៅយុទ្ធសាស្ត្រដោយយើងគ្រោងទុកសម្រាប់រយៈពេល ២០ឆ្នាំនៃកំណើនរបស់ខេត្ត ដោយគិតចាប់ពីពេលនេះតទៅរហូតដល់ឆ្នាំ២០៤៤។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការស្នើដល់ភាគីពាក់ព័ន្ធគ្រប់ផ្នែក អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ទាំងអស់ក្នុងខេត្តត្រូវចូលរួមផ្តល់នូវធាតុចូលលើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តនេះឱ្យបានផុសផុលនិងចំគោលដៅ ដើម្បីឱ្យក្លាយជាផែនការមួយប្រកបដោយពហុវិស័យ ពហុបំណង និងគោលដៅយុទ្ធសាស្ត្រចំទិសដៅស្របតាមសក្តានុពលធនធានធម្មជាតិនៅក្នុងខេត្តរបស់យើង ហើយផែនការនេះគឺសម្រាប់តម្កល់ជាផែនការគោលក្នុងការអភិវឌ្ឍតាមឃុំ-សង្កាត់ ស្រុក-ក្រុង ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមទិសដៅយុទ្ធសាស្ត្រដែលបានគ្រោងទុក។
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងថា ការរៀបចំផែនការរៀបចំដែនដីថ្នាក់ខេត្តនេះ គឺក្តោបនូវអត្ថប្រយោជន៍ និងគោលដៅសំខាន់ៗចំនួន៤ រួមមាន៖ ១.យើងត្រូវគ្រប់គ្រងឱ្យបាន និងរក្សាឱ្យបាននូវកេរ្តិ៍តំណែលជាមរតកនៃសក្តានុពលធនធានធម្មជាតិ ដើម្បីតម្កល់ជាចក្ខុវិស័យក្នុងការអភិវឌ្ឍវែងឆ្ងាយ, ២.ការរៀបចំដែនដី គឺធ្វើឱ្យធានាបាននូវវប្បធម៌ និងគុណតម្លៃជាប្រវត្តិសាស្ត្រ, ៣.ផ្សារភ្ជាប់អំពីការគិតគូរដោះស្រាយចំពោះសំណង់មិនរៀបរយ សំណង់បណ្តោះអាសន្ន គិតគូរគោលដៅសម្បទានសង្គមកិច្ច លំនៅឋានមានតម្លៃសមរម្យសម្រាប់ដោះស្រាយបញ្ហាជីវភាព និងឈានទៅរកកិច្ចអភិវឌ្ឍន៍, និងទី៤.ទាញយកប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពីហេដ្ឋារចនាសម្ព័ន្ធឈរ និងហេដ្ឋារចនាសម្ព័ន្ធដេក ព្រមទាំងទាញយកប្រយោជន៍ពីឧស្សាហកម្មគ្មានផ្សែងគឺវិស័យទេសចរណ៍សម្រាប់បម្រើជាគោលដៅចម្បងក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕
0 Comments