អភិបាលខេត្តកំពតបានលើកឡើងថា ចាប់តាំងពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ រហូតមកដល់បច្ចុប្បន្ន គេឃើញប្រជាពលរដ្ឋកម្ពុជារក្សាបាននូវសាមគ្គីភាពល្អ មានខ្លួនតែមួយ បេះដូងតែមួយ ឆន្ទះតែមួយ និងស្មារតីស្នេហាជាតិដូចៗគ្នា ពោលអ្នកនៅជួរក្រោយ ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋរង់ចាំជួយឧត្តម្ភគាំទ្រជានិច្ចដល់កងទ័ពជួរមុខ ទាំងស្មារតី សម្ភារៈ និងថវិកា។
ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ឆ្នាំ២០២៥ និងប្រកាសតែងតាំង ផ្លាស់ប្តូរតំណែង ព្រមទាំងបំពាក់ឋានន្តរសក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងកំពត ដែលបានរៀបចំឡើងនៅទីបញ្ហាការតំបន់ប្រតិបត្តិការសឹករងខេត្ត នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា នៅក្នុងសម័យកាលណាក៏ដោយ កម្ពុជានៅតែត្រូវការកងទ័ពជាចាំបាច់ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាព ជាតិ មាតុភូមិ និងភាពសុខដុមរម្យនារបស់រដ្ឋប្រជាពលរដ្ឋ។ ហើយបងប្អូនដែលបម្រើការងារក្នុងជួរកងទ័ព ជាមនុស្សម្នាក់ដែលមានការលះបង់ធំធេងណាស់ដើម្បីបុព្វហេតុការពារជាតិមាតុភូមិឱ្យនៅគង់វង្ស និងដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅប្រកបដោយភាពសុខសាន្ត។ ជាក់ស្តែងការប៉ះទង្កិចប្រដាប់អាវុធនៅតំបន់ព្រំដែន រវាងកងទ័ពកម្ពុជា និងថៃ កងទ័ពជួរមុខរបស់កម្ពុជា បានបង្ហាញនូវភាពអង់អាចក្លាហាន ស្មារតីមុះមុតមិនរាថយ រឹងមាំម្ចាស់ការ ហ៊ានពលីដើម្បីការពារទឹកដី មិនឱ្យបាត់បង់ពីការឈ្លានពានពីពួកអមិត្តសូម្បីតែមួយចំអាម។ ដើម្បីតបស្នងសង់គុណ ក៏ដូចជាលើកទឹកចិត្តដល់កងទ័ពជួរមុខ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាជនទាំងអស់ទូទាំងខេត្តដែលជាអ្នកនៅជួរខាងក្រោយ គឺយើងនៅរង់ចាំឧបត្តម្ភគាំទ្រជានិច្ច ចំពោះកងទ័ពជួរមុខ និងក្រុមគ្រួសារទ័ពដែលរស់នៅក្នុងមូលដ្ឋាន។ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ ក៏បានធ្វើការថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលឯកឧត្តមបានគិតគូរដល់សុខទុក្ខរបស់កងទ័ព និងបានកោតសរសើរចំពោះយោធិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សាបង្កើនចំណេះជំនាញ និងបច្ចេកទេសផ្សេងៗ ដោយមានស្មារតីអត់ធ្មត់ គោរពវិន័យយ៉ាងម៉ឺងម៉ាត់។ ឯកឧត្តមមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់នាយទាហានទាំងអស់ ឱ្យបន្តខិតខំ និងយកចំណេះជំនាញដែលបានទទួលនេះ ទៅប្រើប្រាស់ឱ្យក្លាយជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។ ហើយបន្តគោរពវិន័យ បទបញ្ជាផ្ទៃក្នុងកងទ័ព និងយកចិត្តទុកដាក់លើភារកិច្ចជានិច្ច ដើម្បីក្លាយជាគំរូល្អក្នុងសង្គម និងត្រូវមានភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីការពារ អភិវឌ្ឍន៍ និងថែរក្សាសេចក្តីសុខសាន្តសម្រាប់ប្រជាជាតិជានិច្ច៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments