ដោយមានការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ ក៏ដូចជាចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរស្រុកទឹកឈូ ដឹកនាំដោយ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាស្រុក រួមនឹងលោក លោកស្រីអភិបាលរងស្រុក លោកមេបញ្ជាកងកម្លាំងទាំង ៣ប្រភេទ និងលោក លោកស្រី មេឃុំទាំង១៣ បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរបស់សប្បុរជន ផ្តល់ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលមានទីលំនៅក្នុងស្រុកទឹកឈូហើយកំពុងឈរជើងនៅក្នុងសមរភូមិការពារព្រំដែនកម្ពុជា-ថៃ ចំនួន ៣៥គ្រួសារ សម្រាប់ជុំទី៣ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំធំសាលាស្រុកទឹកឈូ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនដល់គ្រួសារកងទ័ព និងវីរៈកងទ័ពជួរមុខដែលជានិច្ចជាកាល ឯកឧត្តមអភិបាលខេត្តតែងតែគិតគូរជានិច្ចចំពោះវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពិសេសគ្រួសារវីរៈកងទ័ពដែលនៅតាមមូលដ្ឋាននានក្នុងខេត្តកំពត។ លោកអភិបាលស្រុកបានបន្តថា ក្រោមការគិតគូរពីសំណាក់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនុកបម្រុងដល់គ្រួសារវីរៈកងទ័ព ដែលមានទីលំនៅនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបំផុត ធ្វើយ៉ាងណាកុំឱ្យពួកគាត់មានការខ្វះខាត ព្រោះការលះបង់គ្រប់បែបយ៉ាងរបស់វីរៈកងទ័ពជួរមុខគឺមានតម្លៃកាត់ថ្លៃពុំបានឡើយ។ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បានធ្វើការផ្តាំផ្ញើដល់គ្រួសារវីរកងទ័ពទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ពិសេសផ្តាំផ្ញើដល់វីរៈកងទ័ពដែលកំពុងបំពេញភារកិច្ចដើម្បីការពារជាតិមាតុភូមិ និងការពារបូរណភាពទឹកដី សន្តិសុខ ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា កុំឱ្យមានការព្រួយយបារម្ភអំពីគ្រួសារនៅជួរក្រោយ ព្រោះមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ និងគិតគូរជានិច្ច។ ទន្ទឹមនឹងនោះដែរលោកអភិបាលស្រុក ក៏បានធ្វើការណែនាំ និងផ្សព្វផ្សាយចំណុចសំខានៗចំនួន ៥ចំណុចដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកចូលរួមទាំងអស់មានដូចជា៖ ១.ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរឹងមាំប្រឆាំង និងពួកឈ្លានពាន, ២.បន្តគាំទ្រនិងជឿជាក់ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងទ័ពជាតិ, ៣.លើកទឹកចិត្ត និងគាំទ្រការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក, ៤.ចូលរួមសកម្មភាពនានា ប្រឆាំងនិងពត៌មានក្លែងក្លាយ ពិសេសពាក់ពន្ធ័ និងជម្លោះព្រំដែន, និង ៥.ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារទឹកដីយើង។
សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនគ្រួសារវីរៈកងទ័ពនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៤០គីឡូក្រាម, ត្រីខ ០២យួរ, និងថវិកាចំនួន ២០ម៉ឺនរៀល៕




















0 Comments