ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា រយៈពេល១៣ឆ្នាំមកនេះ ស.ស.យ.ក នៅទូទាំងប្រទេសបានចូលរួមសាមគ្គីគ្នា បង្ហាញសកម្មភាព សមត្ថភាព និងប្រសិទ្ធភាពក្នុងការចូលរួមលើកិច្ចការងារសង្គម មនុស្សធម៌ និងការសាបព្រោះនូវទង្វើល្អជាច្រើន ធ្វើឱ្យអាជ្ញាធរ ពិសេសប្រជាពលរដ្ឋមានទំនុកចិត្ត គាំទ្រ និងជឿជាក់ ហើយអនុញ្ញាតឱ្យសមាជិកគ្រួសារចូលរួមក្នុងការងារស្ម័គ្រចិត្តជាមួយ ស.ស.យ. ក។ យ៉ាងណាក៏ដោយ ឯកឧត្តមបានស្នើដល់សមាជិកទាំងអស់ឱ្យខិតខំបន្តទៀត។
ថ្លែងនៅក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជាប្រធានកិត្តិយស និងសមាសភាពគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សរុប ១០៣រូប នៅសាលសន្និសិទបូកគោ ខេត្តកំពត នារសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ១៣ឆ្នាំមកនេះ ស.ស.យ.ក បានប្តេជ្ញាចិត្តបម្រើសហគមន៍តាមរយៈកម្មវិធីស្ម័គ្រចិត្ត និងសេវាសង្គម រក្សាភាពថ្លៃថ្នូរនៃមុខងារ និងភាពតស៊ូ អំណត់ ដើម្បីជួយដល់ប្រជាពលរដ្ឋ និងអភិវឌ្ឍជាតិ ដោយគ្មានការរើសអើង ចូលរួមបណ្តុះផ្នត់គំនិតយុវជនឱ្យមានការចូលរួមក្នុងសង្គមដោយទឹកចិត្តស្មោះត្រង់ ឧស្សាហ៍ព្យាយាម មានចក្ខុវីស័យដឹកនាំច្បាស់លាស់ និងយុទ្ធសាស្ត្រសមស្របក្នុងការលើកស្ទួយយុវជនឱ្យក្លាយជាមនុស្សដែលមានសមត្ថភាព និងមានតម្លៃសម្រាប់ជាតិ។ ហើយទង្វើ និងសកម្មភាពទាំងនេះ បានធ្វើឱ្យ ស.ស.យ.ក ទទួលបានការគាំទ្រ និងជឿជាក់ពីអាជ្ញធរ និងប្រជាពលរដ្ឋ។ លើសពីនេះ សមាគមអាស៊ានក៏បានកោតសរសើរ ហើយនឹងផ្តល់រង្វាន់ជូនដល់ ស.ស.យ.ក ក្នុងពេលឆាប់ៗនេះផងដែរ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ ស.ស.យ.ក ខេត្តកំពតនាកន្លងមក និងបានណែនាំដល់ប្រធាន និងគណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពត ជំរុញឱ្យសមាជិក សមាជិកា សិក្សាស្វែងយល់អំពីច្បាប់ និងលក្ខន្តិកៈស្តីអំពីបទបញ្ជាផ្ទៃក្នុង នៃបុព្វហេតុរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីសម្រួចសមត្ថភាពក្នុងការបំពេញបេសកកម្ម។ បន្តអភិវឌ្ឍផែនការសកម្មភាពទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដែលស្របតាមផែនការយុទ្ធសាស្ត្ររបស់ ស.ស.យ.ក ថ្នាក់ជាតិ ឆ្នាំ២០២៣-២០២៨។ បន្តខិតខំពង្រឹងអត្តសញ្ញាណ និងពង្រីកសមាសភាព ទាំងបរិមាណ និងគុណភាព ពិសេសរក្សាសាមគ្គីផ្ទៃក្នុង។ បន្តលើកទឹកចិត្តដល់ សមាជិក សមាជិកា។ បន្តពង្រឹងទំនាក់ទំនងជាមួយនឹងគណៈកម្មាធិការកណ្តាល និងអង្គភាពចំណុះនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពស្និទស្នាលក្នុងនាមក្រុមគ្រួសារ ស.ស.យ.ក តែមួយ។ ត្រូវសិក្សាស្វែងយល់អំពីបញ្ហាប្រឈម និងតម្រូវការរបស់មូលដ្ឋាន ដើម្បីពិនិត្យលទ្ធភាពចូលរួមចំណែកជួយ។ បន្តជួយចុះឈ្មោះស្វែងរកការងារធ្វើជូនបងប្អូនពលករ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments