អភិបាលខេត្តកំពតបានបញ្ជាក់ថា រដ្ឋបាលខេត្តគ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានវាងក្រុងកំពត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ហើយការសាងសង់ត្រូវប្រើរយៈពេលត្រឹមតែ ១២ខែប៉ុណ្ណោះ។ បន្ទាប់ពីមានស្ពានវាងក្រុង ស្ពានឥន្ទធនូនឹងត្រូវបិទការធ្វើចរាចរ តែត្រូវរៀបចំតុបតែងលម្អឱ្យបានស្អាត ដើម្បីឱ្យទេសចរដើរកម្សាន្តនាពេលរាត្រី និងអង្គុយគយគន់ទេសភាពនៅពេលថ្ងៃ។
ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់ខេត្ត គឺការសាងសង់ផ្លូវ និងស្ពានវាងក្រុងកំពត។ ឯកឧត្តមបានបន្តថា គម្រោងសាងសង់ផ្លូវ និងស្ពានវាងក្រុងនេះនឹងជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ សម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរកុំឱ្យកក់ស្ទះផង និងដើម្បីជំរុញដល់វិស័យទេសចរណ៍ផង។ ឯកឧត្តមបានឱ្យដឹងដែរថា ផ្លូវ និងស្ពានវាងក្រុងកំពត ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ និងសម្តេចធិបតី ដែលមានប្រវែងប្រមាណ ១០គីឡូម៉ែត្រ ហើយស្ពានត្រូវធ្វើរំលងផ្លូវប្របមាត់ព្រែកកំពង់បាយតែម្តង ដើម្បីកុំឱ្យប៉ះពាល់ដល់ផ្លូវចាស់ដែលមានស្រាប់។ ភ្ជាប់ជាមួយស្ពានថ្មីនេះ ខេត្តកំពុងសិក្សាដាក់កង្ហារយក្សមួយទៀតដើម្បីទាញយកថាមពលអគ្គិសនីប្រើផង និងជាកន្លែងរូបថតរូបអនុស្សាវរីយ៍សម្រាប់ទាក់ទាញទេសចរផង។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ផ្លូវ និងស្ពានវាងក្រុង នឹងប្រើពេលសាងសង់ក្នុងរយៈពេល ១២ខែឱ្យរួចរាល់ បន្ទាប់មកស្ពានឥន្ទធនូត្រូវបិទមិនឱ្យធ្វើចរាចរណ៍ទៀតទេ តែរដ្ឋបាលខេត្តនឹងធ្វើការតុបតែងលម្អឱ្យទៅជាកន្លែងសម្រាប់ដើរ និងអង្គុយកម្សាន្តទាំងពេលយប់ និងពេលថ្ងៃ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត ក្នុងការអភិវឌ្ឍន៍ខេត្តឱ្យមានភាពទាក់ទាញទេសចរ ហើយឯកឧត្តមក៏ឯកភាព និងស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ សូមចូលរួមសហការឱ្យបានល្អ ដើម្បីឱ្យគម្រោងសាងសង់ផ្លូវ និងស្ពានវាងក្រុងនេះអាចដំណើរការទៅដោយរលូន និងរួចរាល់ឆាប់រហ័ស អាចប្រើប្រាស់ជាប្រយោជន៍សម្រាប់ខេត្ត និងប្រជាជនទាំងអស់គ្នា៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments