កសិករវ័យក្មេងម្នាក់រស់នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងជោគជ័យក្នុងអាជីពជាអ្នកចិញ្ចឹមត្រី ពិសេសត្រីអណ្តែង លោកថាត្រីអណ្តែងងាយចិញ្ចឹម និងមានតម្រូវការទីផ្សារច្រើន ដោយក្នុងមួយខែលោកលក់ចេញបានពី ២០តោន ទៅ ៣០តោន ដែលអាចធ្វើឱ្យលោករកចំណូលជាមធ្យមចន្លោះពី៨លាន ទៅ ១០លានរៀនក្នុងមួយខែ ហើយបច្ចុប្បន្នលោកកំពុងពង្រីក និងបង្កើតជាកសិដ្ឋានចិញ្ចឹមត្រីបន្ថែមទៀត។
លោក អ៊ុយ ឃាំង អាយុ ២៥ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីយីហោ ធីខេ៨៨៨៨ បានប្រាប់ឱ្យដឹងថា លោកចេះចិញ្ចឹមត្រីតពីជីតានៅឯខេត្តកោះកុង ពេលមានគ្រួសារមកនៅកំពង់ត្រាច ឃើញដីនៅទំនេរទុកចោលក៏ស្តាយ ហើយគិតថាចិញ្ចឹមជ្រូកមាន់ទា តែខ្លាចរំខាន់ និងប៉ះបាល់ដល់អ្នកជិតខាង ទើបលោកសម្រេចចិត្តចិញ្ចឹមត្រីទឹកសាបសាកល្បង ដែលក្នុងនោះមានត្រីអណ្តែង ត្រីកន្ធរ ត្រីប្រា និងត្រីក្រាញ់ ចំនួន ៣អាង។ ក្រោយមកដោយឃើញថា ត្រីអណ្តែងមានទីផ្សារល្អគួរសម ហើយមានតម្រូវការច្រើន និងងាយស្រួលចិញ្ចឹមផងនោះ លោកក៏បន្តពង្រីកអាងចិញ្ចឹមត្រីបន្ថែម។ ជាងមួយឆ្នាំមកនេះ លោកពង្រីកអាងបានចំនួន៣០អាង ទាំងតូចទាំងធំ និងស្រះទឹកធំមួយផងដែរ ហើយលោកគ្រោងពង្រីកអាង២០បន្ថែមទៀត។ ការចិញ្ចឹមត្រីអណ្តែងគិតចាប់ពីថ្ងៃភ្ញាស់កូនរហូតដល់ថ្ងៃចាប់ ត្រូវចំណាយពេល៤ ទៅ ៥ខែ ប៉ុន្តែបើចិញ្ចឹមកូនធំ អាចពី ១ខែកន្លះ ទៅ២ខែ ទើបប្រមូលផលបាន ដោយមួយគីឡូមានត្រីចំនួន៦ក្បាល។កសិករវ័យក្មេងរូបនោះ បានបញ្ជាក់ថា ត្រីអណ្តែង មានឈ្មួញមកទិញដល់កន្លែង ចំពោះតម្លៃវិញ បើទិញចាប់ពីជាងមួយតោនឡើងទៅ លោកលក់ក្នុងមួយគីឡូ ៥០០០រៀល តែបើលក់រាយនៅនឹងកន្លែងតម្លៃចាប់ពី ៦ពាន់រៀល ទៅ ៧ពាន់រៀលក្នុងមួយគីឡូ។ លោកបន្តថា ក្នុងមួយខែលោកអាចប្រមូលផលត្រីអណ្តែងបានជាង ៣០តោន និងអាចរកប្រាក់ចំណូលបានជាមធ្យម ចន្លោះពី ៨លានរៀល ទៅ ១០លានរៀល ក្រៅអំពីការលក់ត្រីរស់ និងកូនត្រី លោក ឃាំង ក៏បានកែច្នៃធ្វើត្រីអណ្តែងជាងៀត ត្រីអណ្តែងឆ្អើ និងត្រីអណ្តែងផាត់ផងដែរ។
បើតាមការបញ្ជាក់ ការចិញ្ចឹមត្រីអណ្តែងត្រូវការប្រភពទឹកស្អាត សម្រាប់ប្តូរទឹកក្នុងអាងចិញ្ចឹម ៣ទៅ៤ថ្ងៃប្តូរម្តង តាមស្ថានភាពទឹកជាក់ស្តែង ព្រោះត្រីដែលមានសុខភាព និងគុណភាពល្អ រស់ជាតិឆ្ងាញ់ អាស្រ័យលើទឹក និងចំណីដែលមានគុណភាពខ្ពស់ផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments