អភិបាលខេត្តកំពតបានបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពតប្រវែងជិត ១០គីឡូម៉ែត្រ ដោយកាត់តាមឆ្នេរកោះស្មៅឆ្លងព្រែកកំពង់បាយឆ្ពោះទៅកាន់សង្កាត់ត្រើយកោះ គឺក្នុងបំណងដើម្បីបម្រើដល់ពហុវិស័យ ពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ព្រោះស្ពាននេះហោះរំលងផ្លូវ និងដងព្រែក ប្រវែងជិត ៤០០ម៉ែត្រ ហើយក៏មានវេរ៉ងដា និងបំពាក់កង្ហារយក្សមួយសម្រាប់ឱ្យភ្ញៀវថតរូបអនុស្សាវរីយ៍ផងដែរ។ ពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំងចំពោះគម្រោងដ៏ទាក់ទាញមួយនេះ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពត ដែលបានរៀបចំធ្វើឡើងនៅឆ្នេរកោះស្មៅ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងដែលមានប្រវែងជិត ១០គីឡូម៉ែត្រនេះ គឹជាអំណោយ និងកេរ្តិ៍តំណែលជាអមតៈ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពេលសង់រួច ផ្លូវ ពិសេសស្ពានដែលអាចធ្វើដំណើរឆ្លងកាត់ទាំងខាងក្រោម និងខាងលើមួយនេះ ហើយនិងបញ្ជៀសការកកស្ទះចរាចរណ៍នៅពេលមានបុណទានម្តងៗ រួមនឹងការបម្រើដល់ពហុវិស័យ ពិសេសវិស័យទេសចរណ៍។ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ស្ពាននេះមានប្រវែង ៣៦៨ម៉ែត្រ ទទឹង ១៨ម៉ែត្រ ដោយសាងសង់រំលងផ្លូវ និងឆ្នេរកោះស្មៅ រួមជាមួយនឹងវេរ៉ងដាសងខាងស្ពាននៅចំកណ្តាល ដែលអាចឱ្យភ្ញៀវទេសចរអាចមើលទៅខាងកើតឃើញលំហសមុទ្រ និងខេត្តកែប មើលទៅទិសខាងលិចមើលឃើញទេសភាពភ្នំបូកគោ។ ជាមួយគ្នានេះដែរស្ពាននេះ ក៏មានបំពាក់នូវកង្ហារយកដើម្បីទាញយកថាមពលអគ្គិសនីដើម្បីបំភ្លឺស្ពាន និងតាមដងផ្លូវថ្មីនេះផងដែរ ហើយក្រោយស្ពាននេះសាងសង់រួចក្នុងរយៈពេល ១២ខែ ខេត្តកំពតនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ហើយស្ពាននេះក៏អាចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្នុងសង្កាត់ត្រើយកោះឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ប្រជាពលរដ្ឋ និងក្រុមយុវជន បានសម្តែងទឹកចិត្តត្រេកអរយ៉ាងខ្លាំង ពេលពួកគាត់បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានវាងក្រុងនេះ ហើយពួកគាត់ថា ចាប់តាំងពីឯកឧត្តម ម៉ៅ ធនិន បានមកដឹកនាំខេត្តកំពត ខេត្តមានភាពរីកចម្រើន សប្បូរសប្បាយ សមិទ្ធផលទេសចរណ៍ល្អឯកជាច្រើនបានលេចចេញរូបរាងជាបន្តបន្ទាប់ ធ្វើឱ្យកំពតល្បីល្បាញទាំងក្នុងប្រទេស ក្នុងតំបន់អាស៊ាន និងពិភពលោក។ ជាក់ស្តែង តំបន់កោះស្មៅ ពីមុនគ្មានឆ្នេរកម្សាន្តនោះទេ ថែមទាំងមានពលរដ្ឋប្រមាណជា ១៧គ្រួសារទន្ទ្រានយកដីមាត់ព្រែកធ្វើជាកម្មសិទ្ធិទៀតផង ប៉ុន្តែថ្ងៃនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត តំបន់កោះស្មៅមានឆ្នេរខ្សាច់កម្សាន្តដ៏ស្រស់ស្អាត ថែមទាំងនឹងមានស្ពានដ៏ទាក់ទាញមួយបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត គម្រោងស្ថាបនាផ្លូវ និងស្ពានក្រវ៉ាត់ក្រុងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ត្រឹមតែ ១២ខែប៉ុណ្ណោះ ហើយជាការរំពឹងរបស់ឯកឧត្តម ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនឹងស្ពាននេះ នៅទីតាំងដដែល និងថ្ងៃ ខែដដែល នៅឆ្នាំ២០២៦៕































0 Comments