នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៤៣៤គ្រួសារ មកពីសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ដែលពិធីនេះរៀបចំធ្វើឡើងនៅបរិវេណរោងម៉ាស៊ីនស្រូវគ្រីស្តារ៉ាយ សង្កាត់ព្រែកត្នោត។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទាំងអស់ដោយក្តីនឹករឭកបំផុត។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានបន្តថា កាកបាទក្រហម ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ពោលគឺមិនទុកពលរដ្ឋណាម្នាក់ចោល ឱ្យស្លាប់ដោយដាច់បាយនោះទេ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ហើយត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ តិចអំបិល តិចស្ករ តិចខ្លាញ់ និងហាត់ប្រាណជាប្រចាំ ដើម្បីការពារខ្លួនពីជំងឺមិនឆ្លង និងបានណែនាំពលរដ្ឋឲ្យខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ការដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។
អំណោយដែលបានផ្តល់ជូនដល់ពលរដ្ឋរងគ្រោះទាំង ៤៣៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ សារុង ១ និងថវិកា ៥ម៉ឺនរៀល៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង











0 Comments