មន្ត្រីជំនាញកសិកម្ម និងកសិករដាំដំណាំបន្លែនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតបានបញ្ជាក់ថា កសិករឃុំកូនសត្វកំពុងរីករាយក្នុងការប្រមូលផលបន្លែ ទាំងបន្លែស្លឹក និងបន្លែផ្លែ ដោយសាររយៈពេល ៣ខែមកនេះ តម្រូវការបន្លែ និងតម្លៃទីផ្សារល្អ ដោយសារមានការគាំទ្រពីអាជ្ញាធរ មន្ត្រីជំនាញ ពិសេសអ្នកទទួលទានក្នុងការជួយលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក ធ្វើឱ្យកសិករចំណេញបានច្រើន។
មន្ត្រីបច្ចេកទេសកសិកម្មឃុំកូនសត្វ លោក ម៉ី ភារ៉ា បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ពិសេសលោកអ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដែលតែងតែជំរុញឱ្យមានការដាំដុះ ការចិញ្ចឹមសត្វ និងជួយស្វះស្វែងលើកកម្ពស់ទីផ្សារផងនោះ កសិករនៅទូទាំងស្រុក និយាយដោយឡែកកសិករក្នុងឃុំកូនសត្វ បាននាំគ្នាងាកមកដាំបន្លែលក់កាន់តែច្រើន ហើយដោយមានការចុះជាប់ពីមន្ត្រីកសិកម្មឃុំ ដើម្បីណែនាំបច្ចេកទេសផងនោះ បានធ្វើឱ្យការចំណាយលើការដាំដុះត្រូវបានកាត់បន្ថយនៅសល់តិច គុណភាពបន្លែកាន់តែល្អ តម្រូវការទីផ្សារច្រើន និងតម្លៃខ្ពស់សមរម្យ ខណៈដែលពលរដ្ឋភាគច្រើននាំគ្នាជួយគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុក។កសិករដែលបានដាំបន្លែច្រើនជាងគេនៅក្នុងឃុំកូនសត្វ លោក ស្រូន សារឿន បានបញ្ជាក់ថា រដូវរំហើយបានចូលមកដល់ ហើយក៏ជារដូវកាលដែលមានពិធីមង្គលការ និងបុណ្យទានផ្សេងៗច្រើន បានធ្វើឱ្យតម្រូវការទីផ្សារសម្រាប់បន្លែរមានការកើនឡើងច្រើន ហើយតម្លៃក៏ហក់ឡើងខ្ពស់ ដែលបានធ្វើឱ្យកសិករដែលប្រកបរបរដាំបន្លែនៅក្នុងឃុំកូនសត្វ កំពុងសប្បាយចិត្តក្នុងការប្រមូលផលបន្លែរបស់ខ្លួន។ កសិកររូបនោះក៏បានបញ្ជាក់ដែរថា ចម្ការរបស់លោកកំពុងត្រូវការជ្រើសរើសកម្មករមានបទពិសោធជាច្រើននាក់ ដើម្បីជួយការងារដាំបន្លែឲ្យបានកាន់តែច្រើន ដោយលោកផ្តល់កន្លែងស្នាក់ អាហារហូបចុក និងប្រាក់ខែចាប់ពី៣០០ដុល្លាឡើង៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















0 Comments