Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កសិករឃុំព្រៃថ្នងលើកឡើងថាការដាំបន្លែទ្រើងតាមបែបធម្មជាតិជួយការពារសុខភាពមនុស្ស និងរក្សាគុណភាពដី

កសិករនៅឃុំព្រៃថ្នង បានប្រាប់ឱ្យដឹងថា គាត់បានជ្រើសរើសការដាំបន្លែទ្រើងតាមបែបធម្មជាតិ មានតាសក់ ត្រឡាច ននោង និងម្រះជាដើម ព្រោះដំណាំប្រភេទនេះ មិនរើសប្រភេទដី មិនពិបាកថែទាំ មិនបាច់ប្រើជីគីមី និងថ្នាំសម្លាប់សត្វល្អិតទេ។ មិនតែប៉ុណ្ណោះបន្លែទាំងនេះវាជួយការពារទាំងសុខភាព និងគុណភាពដី។ ការដាំបន្លែទ្រើងផ្តល់សុវត្ថិភាពដល់អ្នកដាំ និងអ្នកទទួលទាន ខណៈដែលទិន្នផល តម្រូវការ និងមានទីផ្សារខ្ពស់សមរម្យ។

កសិកររស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត លោកស្រី គាំ សម្ផស្ស បានប្រកបរបរដាំដំណាំបន្លែទ្រើងវិលជុំ មានដូចជា តាសក់ ត្រឡាច ននោង ម្រះ និងសណ្តែកគួរជាដើម ជាលក្ខណៈគ្រួសារនៅដីប្រមាណ ២ហិកតា។ កសិកររូបនេះបានបន្តថា ការជ្រើសរើសដាំបន្លែទ្រើងនេះ ដោយសារវាមានភាពងាយស្រួលក្នុងការដាំ មិនពិបាកថែទាំ ប្រើពេលប្រមាណ ៣៥ថ្ងៃគឺអាចប្រមូលផលយកទៅលក់បាន។ បន្លែទ្រើងមិនសូវរើសគុណភាពដី (ដីមិនសូវមានជីជាតិក៏អាចដាំបាន) រីឯតម្រូវការ និងតម្លៃនៅលើទីផ្សារក៏សមរម្យ មិនពិបាកលក់ ហើយមានឈ្មួញមកយកដល់ចម្ការ។

កសិកររូបនោះបានបន្ថែមទៀតថា ការដាំបន្លែទ្រើង មិនចាំបាច់ប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតទេ គាត់ប្រើតែជីធម្មជាតិ និងបំពាក់តែប្រព័ន្ធទឹកស្រោចស្រពជាការស្រេច ហើយទិន្នផលក៏បានល្អ ដោយក្នុងមួយថ្ងៃអាចប្រមូលផលផ្លែតាសក់ ពី ១០០ ទៅ ២០០គីឡូក្រាម។ ការដាំបន្លែទ្រើងតាមបែបធម្មជាតិ គឺអាចជួយដល់សុខភាពអ្នកទទួលទានផង កសិករដាំផង និងអាចថែរក្សាគុណភាពដីផងដែរ ហើយបន្លែក៏លក់បានថ្លៃជាងគេបើប្រៀបធៀបនឹងបន្លែអ្នកផ្សេងៗ (បច្ចុប្បន្នតាសក់មានតម្លៃចាប់ពី ១,៧០០ ទៅ ១,៩០០រៀលក្នុងមួយគីឡូក្រាម)។

ជាមួយគ្នានេះដែរ មន្ត្រីបច្ចេកទេសកសិកម្មឃុំ កញ្ញា ម៉ៅ ស្រីពៅ បានឱ្យដឹងដែរថា ឃុំព្រៃថ្នង មានសកត្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយក្នុងនាមមន្ត្រីថ្មី កញ្ញានឹងចុះពិនិត្យសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពលើដំណាំផ្សេងៗ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្វះខាតរបស់កសិករ ដើម្បីជួយលើកកម្ពស់ការដាំដុះ និងការចិញ្ចឹមឱ្យបានល្អប្រសើរ កាត់បន្ថយថ្លៃដើមឱ្យនៅតិចបំផុត បង្កើនទិន្នផល និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពកសិករ។ ដោយឡែកចំពោះការដាំបន្លែទ្រើងរបស់កសិករខាងលើ គឺជាជម្រើសដ៏ល្អមួយ និងជាបទពិសោធន៍ថ្មីមួយសម្រាប់កសិករក៏ដូចជាមន្ត្រីកសិកម្ម ក្នុងការមិនប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលវាអាចរក្សាបានទាំងសុខភាពអ្នកដាំ អ្នកទទួលទាន  និងរក្សាគុណភាពដីផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments