អ្នកផ្តល់សេវានៅនៅខេត្តកំពតបានបញ្ជាក់ថា នៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ខេត្តកំពតនឹងមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ព្រោះក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត សមិទ្ធផលទេសចរណ៍ឯកជាច្រើនត្រូវបានលេចចេញជារូបរាង។ ពួកគាត់បានជូនពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេចរទដែលធ្វើដំណើរមកសម្រាកកម្សាន្តក្នុងខេត្ត សូមទទួលបាននូវភាពសប្បាយរីករាយ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។
បុគ្គលិកបម្រើការងារនៅរមណីយដ្ឋាន ខ្សែរ៉ក ឧទ្យាដងព្រែក និងរមណីយដ្ឋានដូងទេ បានលើកឡើងថា កំពតជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយរបស់កម្ពុជា ក្នុងចំណោមខេត្តទេសចរណ៍ជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត ឯកឧត្តមបានយកចិត្តទុកដាក់ និងជំរុញលើកកម្ពស់វិស័យទេសចរណ៍ខេត្តយ៉ាងខ្លាំង ហើយខេត្តក៏បានបង្កើតឡើងនូវសមិទ្ធផលទេសចរណ៍ឯកថ្មីៗ រួមមាន៖ សេះសមុត្របាញ់ទឹក នាឡិការខ្មាតធំហើយខ្ពស់ជាងគេ សួនទឹករ៉េរាំតាមចង្វាក់ភ្លេង ព្រមទាំងមានការរៀបចំតុបតែងលម្អសួនច្បារឆ្នេរខ្សាច់កម្សាន្តក្នុងក្រុងកំពត និងឆ្នេរកោះស្មៅស្រុកទឹកឈូផងដែរ។អ្នកផ្តល់សេវារំពឹងថា សម្រាប់ថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះ កំពតនឹងនៅតែជាគោលដៅទេសចរណ៍ដែលស្រូបទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្តច្រើនជាងគេ។ ហើយក្រៅអំពីការត្រៀមខ្លួនចាំទទួលភ្ញៀវទេសចរ ពួកគាត់ក៏បានជូនពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ឱ្យទទួលបាននូវភាពសប្បាយរីករាយ និងធ្វើដំណើរទៅទីជិតឆ្ងាយសូមឱ្យមានសុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានស្អាតទាំងអស់គ្នា ពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា ខេត្តកំពត មានគោលដៅទេសចរណ៍ សហគមន៍ និងរមណីយដ្ឋានទាក់ទាញសរុប ៤២កន្លែង សម្រាប់ត្រៀមចាំទទួលវត្តមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេងស្រុកកំណើត ក៏ដូចជាមកពីតាមបណ្តាខេត្តផ្សេងៗ ខណៈដែលរដ្ឋបាលខេត្តបានត្រៀមរៀបចំរួចរាល់ ទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ ការតុបតែងលម្អក្រុង ពិសេសបានណែនាំដល់អាជីវករ និងអ្នកផ្តល់សេវារទេសចរណ៍ទាំងអស់ មិនឱ្យមានការដំឡើងថ្លៃនោះឡើយនៅក្នុងរដូវបុណ្យភ្ជុំនេះ៕
0 Comments