ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ បានបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្រុងបូកគោ អាចរួមសាមគ្គីគ្នាល្អក្នុងការធ្វើបុណ្យដោយទឹកចិត្តជ្រះថ្លា ដើម្បីឧទ្ទិសមគ្គផលដល់មាតាបិតា ដូនតា និងបុព្វការីជន រួមទាំងវីរកងទ័ពពលីក្នុងការការពារទឹកដីផងដែរ។ ការចូលរួមពិធីកាន់បិណ្ឌ មិនត្រឹមតែថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីទេ តែវាជាការជំរុញស្មារតីសាមគ្គីជាតិ បណ្តុះវប្បធម៌កតញ្ញូកតវេទី បង្កើនសីលធម៌ និងគុណធម៌សង្គម រូមនឹងការចូលរួមថែរក្សាសុខសន្តិភាពផងដែរ។
នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តមទេប ធន រដ្ឋលេខាធិការក្រសួងដែនដីនគរមនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ បានដឹកនាំ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ អមដំណើរដោយលោកអភិបាលរងក្រុង ក្រុមប្រឹក្សាក្រុង និងសង្កាត់ បាននាំយកទេយ្យទាន ព្រមទាំងថវិកាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង ៧នៃក្រុងបូកគោ និងវត្តស្នំប្រាំពីរ ស្រុកទឹកឈូ ដែលអនុគណក្រុងបូកគោគង់នៅ ដែលពិធីនេះធ្វើឡើងនៅវត្តស្នំប្រាំពីរ ស្ថិតភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត។នាឱកាសដ៏ល្អប្រពៃនេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមរ៉ាំរ៉ៃ ហើយបានស្ថារឡើងវិញនូវវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយបានធ្វើការអភិវឌ្ឍឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមរំលឹកថា ក្នុងអន្តរកាលនៃសង្គ្រាមរ៉ាំរ៉ៃប្រឡ័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ វិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗត្រូវបានលុបបំបាត់ចោល វត្តអារាមត្រូវបានវាយកម្ទេច ក្លាចជាឃ្លាំងដាក់សម្ភារៈ និងជាកន្លែងឃុំឃាំងជាដើម។ តែក្រោយពីមានការរំដោះដោយការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរជនដ៏អង់អាចក្លាហានរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំប្រទេសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាបានប្រែក្លាយពីគំនរផេះផង មកជាប្រទេសអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រណិប័តន៍ ជំនឿសាសនាពេញលេញរៀងៗខ្លួន។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឱ្យបន្តថែរក្សានូវទំនៀមទំលាប់ប្រពៃណីខ្មែរ និងគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន និងចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងបន្តទៅមុខទៀត។ ទេយ្យទានដល់ព្រះសង្ឃទាំ៨វត្ត រួមមាន៖ សាដក ៦៥កញ្ជប់ អង្ក ១៦បាវ, ទឹកក្រូច ១៦កេស, ទឹកសុទ្ធវីតាល់ ១៦កេស, ម្សៅសាប៊ូអូរ៉ា ៤គីឡូ ស្មើនឹង ១៦កញ្ចប់ ប្រេងឆាប្រាំលីត្រ ១៦ពិដុង, សៀងប្រៃ ១៦ពិដុង, សៀងផ្អែម ១៦ពិដុង, ឆៃពៅប្រៃ ៤០គីឡូ, ឆៃពៅផ្អែម ៤០គីឡូ, ទឹកត្រី ១៦យួរ, ទឹកស៊ីអីវ ១៦យួរ និងជូនថវិកាមួយចំនួនដល់ លោកយាយ លោកតា ដែលមកសម្មាទានសីលផងដែរ។
សូមបញ្ជក់ថា ខេត្តកំពតមានវត្តចំនួន ២៧៤វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន ២៤៧វត្ត និងវត្តគណៈធម្មយុត្តិកៈនិកាយមានចំនួន ២៧វត្ត ដែលមានព្រះសង្ឃសរុបចំនូន ២,៥៥៩អង្គ ហើយចាប់តាំងពីចូលវស្សា រហូតដល់បិណ្ឌទី ១១នេះ ពុំមានវត្តណាមួយខ្វះខាតចង្អាន់សម្រាប់ព្រះសង្ឃនោះទេ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments