Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាខេត្តកំពតចុះជួបសំណេះសំណាល និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ពក្នុងស្រុកឈូកដែលត្រូវបានថៃចាប់ឃាត់ខ្លួន

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ពចំនួន 0២គ្រួសារ ដែលត្រូវបានទាហានថៃចាប់ឃាត់កាលពីពេលកន្លងទៅ។ វីរៈកងទ័ពដែលត្រូវកងទ័ពថៃចាប់ខ្លួនដែលមានទីលំនៅក្នុងស្រុកឈូករួមមាន៖ ១.វីរៈកងទ័ព ប៉ិច សុខា ជាវីរៈកងទ័ពឈរជើងប្រចាំការនៅតំបន់ជាំតែ ខេត្តព្រះវិហារ ដែលជាវីរៈកងទ័ពម្នាក់ក្នុងចំណោម ២០នាក់ដែលទាហានថៃបានឃាត់ខ្លួន ហើយបានរត់រួចក្នុងថ្ងៃចាប់បានដំបូង ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ ដែលមានកូនប្រុសម្នាក់ឈ្មោះ សុខា សុខេម រស់នៅជាមួយបងបង្កើត ដែលមានទីលំនៅក្នុងភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត, ២.វីរៈកងទ័ព ម៉ឺន ង្វៀន ជាវីរៈកងទ័ពឈរជើងប្រចាំការនៅតំបន់ជាំតែ ខេត្តព្រះវិហារ ជាវីរៈកងទ័ពម្នាក់ក្នុងចំណោម ១៨នាក់ ដែលត្រូវបានទាហានថៃចាប់ឃាត់ខ្លួន និងមិនទាន់ដោះលែងនៅឡើយ ដែលមានប្រពន្ធឈ្មោះ វ៉ែន វណ្ណ បានមករស់នៅជាមួយម្តាយក្មេក មានទីលំនៅក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។


មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះគ្រួសារវីរៈកងទ័ពទាំងពីរគ្រួសារ។ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីបានបញ្ជាក់ថា ក្រោយពីទទួលបាននូវដំណឹងពីការស្នាក់នៅរបស់គ្រួសារវីរៈកងទ័ពដែលត្រូវបានទាហានឈ្លានពានថៃចាប់ ហើយមានទីលំនៅក្នុងទឹកដីស្រុកឈូក ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចាត់ចែងឱ្យអាជ្ញាធរស្រុកចុះស្វែងរកជាបន្ទាន់ ហើយរៀបចំការផ្គត់ផ្គង់ចំពោះជីវភាពរស់នៅ និងសុខភាពរបស់ពួកគាត់ភ្លាមៗដោយមិនទុកចោលនោះឡើយ ស្របទៅតាមការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបានបន្តថា ជាមួយគ្នានេះដែរក្រោយពីទទួលបានដំណឹងនេះដែរ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានរៀបចំនូវអំណោយមនុស្សធម៌រួមមានជាសម្ភារៈ និងថវិកាមួយចំនួនជូនគ្រួសារវីរៈកងទ័ពទាំងពីរគ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារី ក៏បានធ្វើការផ្តាំផ្ញើដល់គ្រួសារវីរៈកងទ័ពទាំងពីរគ្រួសារ សូមថែរក្សាសុខភាពឱ្យបានល្អ ហើយសូមកុំមានការព្រួយបារម្ភច្រើនដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ព្រោះប្រមុខថ្នាក់ដឹកនាំប្រទេសបាននិងកំពុងស្វែងរកគ្រប់មធ្យោបាយដើម្បីឱ្យមានការដោះលែងវីរៈកងទ័ពទាំង ១៨នាក់ឱ្យត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខនេះ ពិសេសប្រមុខថ្នាក់ដឹកនាំជាតិ ក៏បានស្នើរដល់កាកបាទក្រហមពិភពលោក ដើម្បីជួយដោះស្រាយលើបញ្ហានេះផងដែរ។

អំណោយដែលប្រគល់ជូនដល់គ្រួសារវីរៈកងទ័ពទាំងពីររួមមាន៖ គ្រួសារវីរៈកងទ័ព ប៉ិច សុខា ទទួលបានទូរស័ព្ទដៃ ១គ្រឿង, ផាវវឺបែង ១, អង្ករ ៧៥គីឡូក្រាម, កង់ ១គ្រឿង, ភួយ៣, កន្ទេល៣, សាប៊ូម្សៅ ១កញ្ចប់ធំ, មី ៤កេស, ត្រីខ ៤យួរ, ទឹកក្រូច ៣កេស, នំ ៤ប្រអប់, ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ, ទឹកដោះគោ ៣ឡូ, កាតាប ២, សៀវភៅសរសេរ ១ឡូ ប៊ិច ៥ដើម ខ្មៅដៃ ៥ដើម, សម្លៀបបំពាក់សិស្ស ២កម្លេរ, អាវកីឡា ២កម្លេរ, ដបទឹក១ និងថវិកា ៥០ម៉ឺនរៀល។ ចំណែកឯគ្រួសារវីរៈកងទ័ព ម៉ឺន ង្វៀន ទទួលបាន៖ ទឹកដោះគោឆៅ ៣ឡូ, សម្លៀកបំពាក់ ១កម្លេរ, កន្ទេល ៣, ភួយ ៣, សាប៊ូម្សៅ ៣កញ្ចប់ធំ, នំ ៥ប្រអប់, ទឹកក្រូច ៣កេស, ទឹកស៊ីអ៊ីវ ៣យួរ, ទឹកត្រី ៣យួរ, ត្រីខ ៥យួរ, មីជាតិ ៥កេស, អង្ករ ៧៥គីឡូក្រាម និងថវិកា ៥០ម៉ឺនរៀល៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង










Post a Comment

0 Comments