កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា ម្តាយ និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅភូមិតេជោអភិវឌ្ឍន៍តាកែនកោះស្លា ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលត្រូវបានភាគីថៃចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់បានចូលជាធរមានក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមឱ្យក្រុមគ្រួសារ ពិសេសភរិយាវីរៈយុទ្ធជនយើង សូមពង្រឹងស្មារតី និងថែទាំសុខភាពឱ្យបានល្អ ដើម្បីរងចាំទទួលស្វាមីត្រឡប់មកវិញ។ជាមួយគ្នានោះ លោកជំទាវក៏បានបញ្ជាក់ថាដែរថា អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេលិខិតសួរសុខទុក្ខ និងផ្ញើសេចក្តីនឹករលឹក រួមទាំងស្ថានភាពគ្រួសារផង បញ្ជូនទៅកាន់យុទ្ធជនដែលត្រូវបានចាប់បង្ខាំងខ្លួននៅប្រទេសថៃ ហើយការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ ហើយក្រុមការងារកាកបាទក្រហម នឹងនាំយកសារលិខិតឆ្លើយតបពីយុទ្ធជនត្រឡប់មកឱ្យស្ត្រីដែលជាភិរិយាវិញដែរ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសម្រាលការលំបាក និងតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរៈយុទ្ធជនដែលថៃបានចាប់ចង្ខាំងខ្លួន រួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន។ ជាមួយគ្នានេះគណៈប្រតិភូក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ និងបានបន្តដំណើរសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែនកោះស្លាផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments