ក្រោយពីមានការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ វីរៈកងទ័ពកម្ពុជាបានខិតខំពុះពារ លះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណៈភាពទឹកដី និងប្រជាជនកម្ពុជាយ៉ាងអង់អាចក្លាហាន។ ការចាកចេញពីក្រុមគ្រួសារ ដើម្បីចេញទៅទប់ទល់ជាមួយនឹងខ្មាងការឈ្លានពានទឹកដី បានធ្វើឱ្យប្រជាជនកម្ពុជារួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំដើម្បីជួយឧបត្ថម្ភគាំទ្រវីរៈកងទ័ពជួរមុខ ហើយវីរៈភាពដ៏អង់អាចនេះនិងស្ថិតក្នុងអារម្មណ៍ប្រជាជនកម្ពុជាជារៀងរហូត។
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងះភិវឌ្ឍន៍ខេត្តកំពត បាននាំយកអំណោយជូនវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីក្នុងទិសព្រះវិហារ ដែលរួមមានគ្រឿងឧបភោគបរិភោគជាច្រើនមុខ ម៉ាស់ការពារផ្សែងពុល ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋានកងពលធំលេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។មានប្រសាសន៍សំណេះសំណាលបាឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ក្នុងនាមសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលសម្តេចលោកកំពុងមមាញឹកយ៉ាងខ្លាំងក្នុងបេសកម្មបំរើជាតិមាតុភូមិ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជារបស់យើងកំពុងតែទទួលរងគ្រោះដោយសារការឈ្លានពាន របស់សត្រូវ និងបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ចំពោះវីរៈកងទ័ពនៅសមរភូមិមុខផងដែរ?
លោកជំទាវក៏បានបញ្ជាក់ដែរថា ស្ថិតក្នុងកាលៈទេសៈនេះ យើងទាំងអស់គ្នាបានដឹងថាបងប្អូនវីរៈកងទ័ពទាំងអស់ ដែលកំពុងឈរជើងការពារព្រំដែននៅជួរមុខ ប្រឈមទៅហ្នឹងការលំបាកទាំងកម្លាំងកាយ និងចិត្ត និងបូជាអាយុជីវិតរបស់ខ្លួនដើម្បីការពារទឹកដី ជាតិមាតុភូមិ ដោយអារម្មណ៍មួយគិតគ្រប់វិធីសាស្ត្រក្នុងការយកឈ្នះខ្មាំងសត្រូវ អារម្មណ៍មួយទៀតនឹករលឹកដល់ឪពុកម្តាយ បងប្អូន កូនប្រពន្ធនៅសមរភូមិក្រោយ ក៍ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ ពួកយើងទាំងអស់គា្ននៅសមរភូមិក្រោយ ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល អជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ខ្ពស់ គិតគូពីសុខទុក្ខរបស់ក្រុមគ្រួសារវីរៈកងទ័ពយើងមិនអោយមានការខ្វះខាតដោយប្រការណាមួយឡើយ ទាំងផ្នែកសុខភាព និងការរស់ នៅប្រចាំថ្ងៃ។
ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ក្នុងនាមសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ក៏បានសំដែងនូវការគោរពដឹងគុណ និងគោរពេថ្លែងអំណរគុណដោយស្មោះអស់ពីចិត្តចំពោះវីរៈភាព និងការលះបង់គ្រប់បែបយ៉ាងរបស់វីរៈកងទ័ពកម្ពុជាទាំងអស់ក្នុងបុព្វហេតុការពារទឹកដី ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយវីរៈភាពនេះនឹងដក់ក្នុងអារម្មណ៍និងដួងចិត្តប្រជាជនកម្ពុជាជារៀងរហូតដោយគ្មានថ្ងៃបំភ្លេចបាន។ ជាមួយគ្នានេះដែរ លោកជំទាវប្រធានកិត្តយសសាខាសមាកមនារីកម្ពុជា ក៏បានបួងសួងសុំអោយ ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់ជំនាន់ទេវតាថែរក្សាលោក និងវត្ថុស័ក្តិសិទ្ធិតាមបីបាចថែរក្សាវីរៈកងទ័ពគ្រប់សមរភូមិ សូមមានសុខភាពល្អកម្លាំងមាំមួន និងទទួលបានជ័យជំនះគ្រប់សមរភូមិ ។
អំណោយដែលបាននាំយកទៅប្រគល់ជូនវីរៈកងទ័ពនាពេលនោះរួមមាន៖ គ្រឿងឧបភោគបរិភោគចំនួន ៧០កស ដែលក្នុងមួយកេសមាន ៣៦កញ្ចប់ ក្នុងមួយកញ្ចប់មាន (សាច់ជ្រូកផាត់ ត្រីផាត់ មី ត្រីខ ឆៃយ៉ូ ត្រសក់ចាវ ស្ករគ្រាប់ គ្រាប់ស្វាយចន្ទី នំ ខ្ទឹមស និងថ្នាំពេទ្យ) អង្ករចំនួន ៥តោន នំបំពង់ ១៣កេស និងម៉ាសពាក់ការពារផ្សែង ១,០០០ម៉ាស់។
0 Comments