Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការសាមគ្គីគ្នា ការចូលរួម និងឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខគឺជាការរួមចំណែកក្នុងការការពារទឹកដី

មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ពជួរមុខដែលមានទីលំនៅក្នុងក្រុងបូកគោ ចំនួន ១២គ្រួសារ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានលើកឡើងថា ក្រោយពីកើតមានការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ ហើយធ្វើឱ្យកើតមានការបាញ់ប្រហារគ្នារវាងកងទ័ពប្រទេសទាំងពីរ បានធ្វើឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសបានងើបឡើងសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយជាតិនិយម ដោយបានលះបង់ធនធាន សម្ភារៈ ក៏ដូចជាបញ្ចេញការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដោយបន្តការគាំទ្រពីសមរភូមិក្រោយជានិច្ច។ កត្តានេះហើយដែលបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាពិតជាស្រឡាញ់ទឹកដី ស្រឡាញប្រទេសជាតិរបស់ខ្លួន ពិសេសគោរពស្រឡាញ់ និងកោតស្ញើបស្ងែងចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារទឹកដី ជាតិមាតុភូមិ និងប្រជាជន ហើយការសាមគ្គីភាពគ្នា ការចូលរួម និងឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខគឺជាការរួមចំណែកក្នុងការការពារទឹកដីផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបន្តថា យើងពិតជាសំណាងខ្លាំងណាស់ដែលបានកើតមកជាកូនខ្មែរក្នុងសម័យតេជោ-ធិបតី ហើយមានមេដឹកនាំល្អបំផុតដែលមិនអាចកាត់ថ្លៃបាន គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចទាំងទ្វេលោកបានខិតខំបន្តរក្សាឱ្យបាននូវសុខសន្តិភាពជូនប្រជាជន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន រួមនិងឥស្សរជនជាច្រើនបានយកមកដោយលំបាក។ ជាក់ស្តែងស្ថិតក្នុងអន្តរកាលនៃការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ សម្តេចទាំងទ្វេបានខិតខំទប់ទល់ជាមួយនិងការវាយលុករបស់សត្រូវគ្រប់ពេលវេលា ហើយក៏បានខិតខំក្នុងការស្វះស្វែងរកការបញ្ចប់ការឈ្លានពាននេះដោយសន្តិវិធីតាមផ្លូវច្បាប់ ព្រោះសម្តេចទាំងទ្វេ រួមនឹងប្រជាជនកម្ពុជាទាំងមូល មិនចង់បានឡើយសង្គ្រាម គឺចង់បានតែសន្តិភាពប៉ុណ្ណោះ ព្រោះមានតែសន្តិភាពនេះទេដែលអាចធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ ប្រជាជនមានសិទ្ធិសេរីភាពពេញលេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឱ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រៀលជ្រៅបំផុតដល់វីរៈកងទ័ពជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ដែលបានចាកចេញពីក្រុមគ្រួសារ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដែលវីរៈភាពដ៏អង់អាចក្លាហាននេះគឺមានតម្លៃកាត់ថ្លៃពុំបាន ដែលយុវជនជំនាន់ក្រោយត្រូវបន្តគោរព និងចងចាំជានិច្ច។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនវីរៈកងទ័ពជួរមុខទាំងអស់ សូមកុំមានការព្រួយបារម្ភចំពោះក្រុមគ្រួសារដែលនៅសមរភូមិក្រោយនេះ ព្រោះមានអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់មើលថែទាំ ទាំងជីវភាពរស់នៅប្រចាំថ្ងៃ តាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមិនទុកឱ្យបងប្អូនក្រុមគ្រួសារវីរៈកងទ័ពយើងជួបការលំបាកនោះឡើយ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត












Post a Comment

0 Comments