ជាតិ ទឹកដី និងប្រជាជនគឺតែមួយ បើសិនខ្វះអ្វីមួយក៏មិនបានដែរ ជាក់ស្តែងប្រទេសជាតិកំពុងស្ថិតក្នុងការឈ្លានពានយកទឹកដីពីសំណាក់សត្រូវ ដូច្នេះអ្វីដែលយើងជាប្រជាជនត្រូវធ្វើគឺរួមគ្នាចេញប្រយុទ្ធការពារទឹកដី។ ទន្ទឹមនឹងនោះប្រជាជនកម្ពុជាពិតជាមានសំណាងដែលមានមេដឹកនាំដែលមិនបោះបង់ប្រជាពលរដ្ឋ ទឹកដី និងស្រឡាញ់សន្តិភាព ការពារសន្តិភាព។
អភិបាលខេត្តកំពត ឯកឧត្ដម ម៉ៅ ធនិន បានលើកឡើងថា យើងបានកើតជាជនជាតិមួយ មានទឹកដីកំណើតមួយដែលបញ្ជាក់ពីប្រទេសជាតិមួយក្នុងផែនដី ហើយភារកិច្ចដែលជនជាតិមួយ ប្រទេសមួយត្រូវធ្វើដើម្បីកូនចៅជំនាន់ក្រោយ គឺការថែរក្សាទឹកដីកំណើតខ្លួនឱ្យបានគង់វង្ស។ ការលើកឡើងដូចនេះ ក្នុងឱកាសដែល ឯកឧត្ដមអភិបាលខេត្ត ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះគ្រួសារវីរៈកងទ័ពដែលមានទីលំនៅក្នុងស្រុកកំពង់ត្រាច ចំនួន ៤៩គ្រួសារ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលាស្រុកកំពង់ត្រាច។ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា ប្រជាជនកម្ពុជាទាំងមូលពិតជាមានសំណាងខ្លាំងណាស់ដែលមានមេដឹកនាំដ៏ល្អ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសការយកបានមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តថែរក្សាសុខសន្តិភាពរួមជាមួយនឹងការអភិវឌ្ឍ។ ជាក់ស្តែងក្នុងពេលវេលាដែលមានការឈ្លានពានចង់បានទឹកដីពីសំណាក់ប្រទេសជិតខាង សម្តេចទាំងទ្វេរបានខិតខំអស់ពីកម្លាំងចិត្ត កម្លាំងកាយ ក្នុងការស្វែងរកនូវការបញ្ចប់ការឈ្លានពានដោយសន្តិវិធី ហើយសម្តេចទាំងទ្វេរនៅតែក្រាញននៀល ខាំស្មោះនៅជាមួយវីរៈកងទ័ព និងប្រជាជនកម្ពុជាដោយមិនរត់ចោលនោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា តាមការចង្អុលបង្ហាញដោយផ្ទាលពីសំណាក់ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត រួមជាមួយសប្បុរសជននៅទូទាំងខេត្ត បានរួមគ្នាឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោក សំភារៈ និងថវិកា ដើម្បីផ្តល់ជូនទៅវីរៈកងទ័ពសមរភូមិមុខដែលកំពុងបំពេញតួនាទីការពារទឹកដី ជាតិមាតុភូមិ និងប្រជាជន មិនតែប៉ុណ្ណោះគ្រួសាររបស់វីរៈកងទ័ពដែលនៅសមរភូមិក្រោយនេះក៏ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពផងដែរ។ ការចូលរួមចំណែករបស់សប្បុរសជន និងប្រជាពលរដ្ឋនៅសមរភូមិក្រោយបានបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងនាមខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ក្នុងស្មារីជាតិនិយមពិតប្រាកដ ដែលស្របនឹងពាក្យមួយថា "ជួរមុខប្រយុទ្ធ ជួរក្រោយផ្គត់ផ្គង់)។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើរ និងថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះវីរៈកងទ័ព និងគ្រួសារវីរៈកងទ័ពទាំងអស់ ដែលបានចាកចេញពីក្រុមគ្រយសារទៅការពារទឹកដីពីការឈ្លានពានរបស់សត្រូវ ដែលនេះគឺជាគំរូវីរៈភាពដែលប្រជាជន និងកូនខ្មែរជំនាន់ក្រោយគ្រប់រូមត្រូវចងចាំជានិច្ច៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments