នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំគណៈអភិបាល និងមន្ត្រីសាលាខេត្តចុះសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលរបួស និងគ្រួសារវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ វីរៈកងទ័ព និងគ្រួសារកងទ័ពបានបង្ហាញអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋដែលលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង។
វីរៈកងទ័ពជួរមុខដែលឈរជើងនៅតំបន់អានសេះ លោក សយ យ៉ាស់ ប្រាប់ឱ្យដឹងថា ពេលឃើញថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសាមគ្គីគ្នា និងឯកភាពជាតិតែមួយ ជួយលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ដែលបាននិងកំពុងឈរជើងការពារដឹកដីនៅតំបន់ព្រំដែន(កម្ពុជា-ថៃ) និងយកចិត្តទុកដាក់ជួយថែរក្សា ទំនប់បម្រុងដល់ក្រុមគ្រួសារកងទ័ពដែលនៅជួរក្រោយ លោកពិតជារំភើបរីករាយបំផុត។ វីរៈកងទ័ពរូបនោះបានបញ្ជាក់ថា កងទ័ពខ្មែរស្រឡាញ់សន្តិភាព ប៉ុន្តែក៏ត្រូវការពារទឹកដីឱ្យខាងតែបានដែរ ដោយមិនអនុញ្ញាតឱ្យមានបរទេសណាមកឈ្លានពានតាមតែចិត្តចង់បាននោះទេ។ ហើយពេលលោកជាសះស្បើយ លោកនឹងត្រឡប់ទៅបំពេញការងារជាធម្មតា ដើម្បីការពារទឹកដី ប្រជាជន និងប្រទេសជាតិបន្តទៀត។ចំណែកក្រុមគ្រួសាររបស់វីរៈកងទ័ពជួរមុខ ដែលរស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានភៀសសឹកមកស្រុកកំណើត ហើយកំពុងទទួលការសម្រាកព្យាបាលមើលថែជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពតដែរនោះ បានប្រាប់ឱ្យដឹងថា ក្នុងនាមជាភរិយារបស់កងទ័ពជួរមុខ ពិតជាមានកិត្តិយស និងអារម្មណ៍រំភើបរីករាយឥតឧបមា ពេលបានថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះកងទ័ព និងជីវភាពគ្រួសារទ័ពបែបនេះ លោកស្រីពិតជាមានភាពកក់ក្តៅបំផុត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់វីរៈកងទ័ព និងក្រុមគ្រួសារវីរៈកងទ័ពផដដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី និងថ្នាក់ដឹកនាំទាំងអស់ រួមទាំងឯកឧត្តមផងនោះ ពិតជាដឹងគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏មោះមុត និងអង់អាចក្លាហានរបស់វីរៈកងទ័ពក្នុងការប្តូរជីវិតច្បាំងការពារបូរណភាពទឹកដីជាមួយសត្រូវ ដោយមិនឱ្យបាត់បង់សូម្បី១ចំអាម។ ការលះបង់របស់វីរៈកងទ័ពនេះ ពិតជាធំធេង និងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាល នឹងនៅតែបន្តជួយលើកទឹកចិត្ត ឧត្តម្ភគាំទ្រទាំងវីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារវីរៈកងទ័ពឱ្យបានល្អបំផុត ដើម្បីរួមកម្លាំងសាមគ្គីគ្នាការពារជាតិមាតុភូមិកម្ពុជាឱ្យគង់វង្ស៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments