ដើម្បីតបគុណចំពោះវីរៈភាពរបស់វីរៈកងទ៏ពដែលបានចាកចេញពីក្រុមគ្រួសារទៅបំរើជាតិ ការពារទឹកដី និងប្រជាជនកម្ពុជាទាំងមូលនៅសមរភូមិមុខ អភិបាលខេត្តកំពតបានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកងទ័ពដែលនៅសមរភូមិក្រោយឱ្យបានល្អបំផុត សក្ដិសមនិងការលះបង់។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ការលះបង់របស់វីរៈកងទ័ពទាំងអស់ គឺដើម្បីតែភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ហើយអ្វីដែលយើងទាំងអស់គ្នានៅសមរភូមិក្រោយត្រូវធ្វើគឺការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តវីរៈកងទ័ពយើង។
ថ្លែងក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខគ្រួសារកងទ័ពជួរមុខ ដែលមានទីលំនៅក្នុងស្រុកឈូក ចំនួន ៥១គ្រួសារ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីផ្តល់ភាពកក់ក្តៅ ផ្តល់កម្លាំងចិត្ត និងតបស្នងសងគុណដល់វីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព ដែលបានចាកចេញពីក្រុមគ្រួសារដើម្បីទៅបំរើជាតិមាតុភូមិ ការពារទឹកដី និងប្រជាជន ដែលតម្លៃនៃការលះបងលនេះគឺមិនអាចកាត់បានឡើយ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំង៩ ក្រុង-ស្រុក ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុតក្នុងការថែរក្សាក្រុមគ្រួសារវីរៈកងទ័ពយើងនៅក្នុងមូលដ្ឋានខ្លួន ដោយមិនត្រូទុកពួកគាត់ចោលដោយមិនមានអ្នកមើលថែនោះឡើយ។ឯកឧត្ដមអភិបាលខេត្តបានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចទាំងទ្វេរតែងតែគិតគូជានិច្ចចំពោះការថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន ហើយសម្តេចតែងតែរួមសុខរួមទុក្ខ ខាំស្មៅរស់នៅជាមួយប្រជាជនកម្ពុជាទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចមិនបោះបង់ជាតិ និងពលរដ្ឋខ្លួនចោលឡើយ។ ជាក់ស្តែងក្នុងពេលដែលកើតមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ សម្តេចទាំងទ្វេរ រួមនឹងថ្នាក់ដឹកនាំជាតិជាច្រើនរូបបានរួមគ្នារិះរកគ្រប់មធ្យោយបាយដើម្បីបញ្ចប់សង្គ្រាមឈ្លានពាននេះ ដែលថ្នាក់ដឹកនាំប្រទេស និងប្រជាជនមិនដែលចង់បាននោះឡើយ ហើយអ្វីដែលចង់បាននោះគឺសុខសន្តិភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានសំដែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការបវិច្ចាគនូវថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈជាច្រើនតាមរយៈរដ្ឋបាលក្រុង-ស្រក ដើម្បីយកទៅជូនដល់វីរៈកងទ័ពនៅសមរភូមិមុខ ក៏ដូចជាគ្រួសារវីរៈកងទ័ពនៅសមរភូមិក្រោយ ដែលនេះបានបង្ហាញឱ្យឃើញពីការសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងចរិកជាតិនិយមពិតប្រាកដ។ ឯកឧត្តមអភិបាលខេត្តក៏បានសង្កត់ធ្ងន់ដែរថា ការចាកចេញពីក្រុមគ្រួសាររបស់វីរៈកងទ័ពរបស់យើងទៅការពារជាតិ គឹជាការលះបង់ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលប្រជាជនគ្រប់រូមត្រូវចងចាំ ព្រោះប្រជាជននៃប្រទេសមួយបើគ្មានជាតិ គ្មានទឹកដីនោះទេក៏មិនអាចរស់បានដោយសុខសុភមង្គលបានដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments