Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន យកអំណោយជួនគ្រួសារវីរៈកងទ័ពដែលបានបំពេញភារកិច្ចនៅសមរភូមិមុខ

ដោយមានការយកចិត្តទុកដាក់ និងគិតគូរចំពោះវីរភាពដ៏អង់អាចរបស់វីរៈកងទ័ពជួរមុខ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារ វីរៈកងទ័ព ជ្រីវ ម៉ៅ ដែលជាយុទ្ធជនជួរមុខកំពុងប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ មានទីលំនៅក្នុងភូមិ ត្រពាំងរាំង ឃុំ អង្គរមាស ស្រុក ដងទង់ ខេត្ត កំពត។ ដោយក្នុងបន្ទុកគ្រួសារ មានកូនប្រុសចំនួន ២នាក់៖ ទី១៖ ឈ្មោះ ជ្រានម៉ៅ ចាន់សុវណ្ណឆៃ ភេទប្រុស អាយុ ១០ឆ្នាំ, ទី២៖ ឈ្មោះ ជ្រាបម៉ៅ ចាន់សុវណ្ណាឈុន ភេទប្រុស អាយុ ៨ឆ្នាំ ដែលបច្ចុប្បន្នកូនទាំងពីររស់នៅជាមួយជីដូនជរាឈ្មោះ ហែម ម៉ុម។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារវីរៈកងទ័ពដែលបានទៅបំពេញតួនាទីក្នុងការការពារជាតិមាតុភូមិ និងប្រជាជននៅសមរភូមិមុខ លោកជំទាវ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចជាកាលឯកឧត្តមតែងតែគិតគូរជានិច្ចនូររាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ក៏បានលើកឡើងថា ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្លាំងចំពោះវីរៈកងទ័ពជួរមុខរបស់យើង ដោយបានធ្វើការចង្អុលបង្ហាញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវដឹងពីសមាសភាពវីរៈកងទ័ពដែលត្រូវទៅបំពេញភារកិច្ចនៅសមរភូមិមុខក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកជំទាវបានបន្តថា សម្រាប់ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា ក៏ដូចជាធ្វើការចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ឱ្យនៅជាប់ជានិច្ចជាមួយគ្រួសារវីរៈកងទ័ពដែលបានចេញទៅបំពេញភារកិច្ចនៅជួរមុខ ហើយអាជ្ញាធរខេត្តក៏បន្តឧបត្ថម្ភគាំទ្រសម្រាប់គ្រួសារវីរៈកងទ័ពរបស់យើងមិនឱ្យមានការលំបាកនោះឡើយ។

អំណោយដែលយកទៅប្រគល់ជូនគ្រួសារវីរៈកងទ័ព្ទជួរមុខនាពេលនេះរួមមាន៖ អង្ករ ១០០គីឡូក្រាម, ទឹកដោះគោឆៅ ២យួរ, ទឹកដោះគោកូនក្មេង ១កេស, មី ៤កេស, ត្រីខ ៤យួរ, ទឹកត្រី ២យួរ, អាវកីឡា ៤កម្លេរ, កាតាបស្ពាយ ២, ភួយ ២, កន្ទេល ២, នំ ៤កញ្ចប់ រួមនឹងថវិការចំនួន ៤០ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង






Post a Comment

0 Comments