នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំ អនុប្រធាន អនុប្រធានកិត្តិយស សមាជិកា នៃសមាគម រៀបចំពិធីបួងសួងសុំសេចក្តីសុខ និងអញ្ជើញអស់បារមីមេទ័ពខ្មែរគ្រប់ជំនាន់ ដើម្បីជួយដល់វីរៈកងទ័ពខ្មែរដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅតំបន់ដែន(កម្ពុជា-ថៃ)កន្លងមក ហើយនៅបន្តការពារទឹកដីបើទោះបីមានបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌក៏ដោយ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅព្រះសាទមាសលោកជំទាវ ម៉ៅ លើខ្នងភ្នំទ្ទា ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ការប្រារព្ធធ្វើពិធីនេះឡើងគឺដើម្បីឧទ្ទិសបួងសួង សុំសេចក្តីសុខ និងជ័យជម្នះឱ្យកើតមានដល់វីរៈកងទ័ពខ្មែរដែលកំពុងតែការពារបូរណភាពទឹកដីនៅតាមព្រំដែលប្រទេសកម្ពុជា-ថៃ បើទោះបីជាមានការចរចាររួចរាល់ហើយក្តី។ ហើយក្នុងពិធីនេះក៏បានធ្វើការផ្ញើសារទៅកាន់កងទ័ពជួរមុខថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាជន និងព្រះសង្ឃទាំងអស់ក្នុងខេត្តកំពត ក៏ដូចជាទូទាំងប្រទេស សូមកោតសរសើរចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងព័ទខ្មែរក្នុងការការពារទឹកដី ពីចោរឈ្លានពានថៃ និងបានបួងសួងដល់អស់វិញ្ញាណក្ខន្ធព្រះមហាវិរៈក្សត្រគ្រប់ព្រះអង្គ និងបារមីមេទ័ពខ្មែរគ្រប់ជំនាន់ឱ្យតាមថែរក្សាកងទ័ពខ្មែរដែលកំពុងឈរជើង និងត្រៀមប្រយុទ្ធគ្រប់វិនាទីក្នុងសមរភូមិ។សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តកំពតបានចេញញ្ញត្តិគាំទ្រដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងឈរជើងការពារ និងត្រៀមប្រយុទ្ធគ្រប់វិនាទីយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី បើទោះបីជាប្រទេសទាំងពីរបានយល់ព្រមចរចារ ហើយសម្រេចអនុវត្តន៍បទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌក៏ដោយ៕
0 Comments