Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសសមាគមនារីខេត្តកំពតនាំយកទានចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ១៤វត្ត ក្នុងស្រុកចំនួន៧

ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងខេត្តកំពត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកាសាខា នាំយកទានចំណាំព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃក្នុងស្រុកចំនួន ៧ក្នុងខេត្ត។ ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពុទ្ធបរិស័ទទាំងអស់សូមមានជំនឿចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ហើយកុំជឿនូវព័ត៌មានប្រឌិត ក្លែងបន្លំ ក្នុងពេលដែលប្រទេសយើងមានសង្គ្រាមឈ្លានពាន។

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំ អនុប្រធាន អនុប្រធានកិត្តិយស សមាជិកា នៃសមាគមនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួនពីរ ស្ថិតក្នុងស្រុកទឹកឈូ ដែលរូមមាន៖ វត្តបឹងព្រះ និងវត្តស្ទឹងកែវ។

មានមតិសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទទាំងអស់ដែលបានមកចូលរួមផងដែរ។ ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជានូវតែបន្តការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ។ និយាយដោយឡែក ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ឯកឧត្តមបានធ្វើការអភិវឌ្ឍ និងបានប្រែក្លាយខេត្តកំពតទៅជាខេត្តមួយដែលមានភាពទាក់ទាញបំផុតសម្រាប់វិស័យទេសចរណ៍ ដែលបានធ្វើឱ្យជីវភាពពលរដ្ឋមានភាពកាន់តែល្អប្រសើរ។

លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពតបានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រទេសកម្ពុជាបានជួបនូវសង្គ្រាមឈ្លានពានដែលបង្ករឡើងដោយភាគីថៃ ហើយបានធ្វើឱ្យវីរៈកងទ័ពជួរមុខរបស់យើងបានពលីជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះបានធ្វើឱ្យមានប្រជាជនភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់រាប់ម៉ឺននាក់។ លោកជំទាវបានបន្តថា ទោះប្រទេសស្ថិតក្នុងសង្គ្រាមឈ្លានពានយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺមិនទៅណាចោលពលរដ្ឋនិងប្រទេសកម្ពុជាឡើយ គឺលោកទាំងទ្វេរនៅដឹកនាំបញ្ជាទ័ព ការពារប្រជាជន និងស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់សង្គ្រាម រហូតមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ ក៏ទទួលបានការចរចាររវាងប្រទេសកម្ពុជា និងថៃ រហូតដល់មានបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ហើយបានចូលជាធរមាននៅថ្ងៃនេះ។ លោកជំទាវបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពត សូមជឿទុកចិត្តលើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសយើង ហើយសូមកុំជឿលើព័ត៌មានមិនពិត ដែលមានប្រភពមិនច្បាស់លាស់ដែលរៀបចំដោយសត្រូវ ឬជនអគតិមួយចំនួន ដែលអាចធ្វើឱ្យមានការភ័នច្រឡំ។

សូមបញ្ជាក់ថា សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បាននាំយកនូវទានចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ១៤វត្ត ក្នុងស្រុកចំនួន៧ រួមមាន៖ ស្រុកទឹកឈូ ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ស្រុកដងទង់ ស្រុកជុំគិរី ស្រុកអង្គរជ័យ និងស្រុកឈូក ដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនចំណាំព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម, ត្រីខ ៥យួរ. ស្ករស ៥គីឡូ, ទឹកស៊ីអ៊ីវ ៥យួរ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប ៥ដុំ, ប៊ីចេង ៥គីឡូ, មី ៥កេស, កាហ្វេ ២កញ្ចប់ធំ, ទឹកត្រី ៥យួរ, ត្រីងៀត ៥គីឡូ, ទឹកក្រូច-ទឹកផ្លែឈើ ៥កេស, សៀងផ្អែម ១០គីឡូ, ខ្ទឹមស ៥គីឡូ, សាប៊ូម្សៅ ៥គីឡូ, ទឹកសុទ្ធ ៥កេស រួមនឹងបច្ច័យមួយចំនួនផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
















Post a Comment

0 Comments