Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពពលីនៅសមរភូមិមុខ

ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់អាជ្ញាធររាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់ និងបង្ករលក្ខណៈឱ្យបានល្អប្រសើរសមនឹងតម្លៃចំពោះការលះបងរបស់វីរៈកងទ័ពជួរមុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ នៅសមរភូមិមុខ ភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលមានទីលំនៅក្នុងភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។

ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តខេត្ត ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលៈបង់អាយុជីវិតរបស់សព លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។ ឯកឧត្ដមអភិបាលខេត្តខេត្ត ក៏បានសំដែងនូវសាមានទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរៈកងទ័ព សូត្រ ពេជ្រ ដែលបានពលីក្នុងសង្គ្រាមឈ្លានពានពីប្រទេសថៃ ដែលការបាត់បង់នេះ គឺជាការបាត់បង់កុលបុត្រខ្មែរមួយរូបដ៏អស្ចារ្យ និងបាត់បង់ធនធានការពារជាតិមួយរូបផងដែរ។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា វីរៈភាពដ៏អង់អាចក្លាហានក្នុងការលះបង់ដ៏ធំធេងរបស់ លោកវរៈសេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានលះបង់នូវអាយុជីវិតក្នុងបុព្វហេតុការពារទឹកដី និងប្រជាជននាពេលនេះ និងធ្វើឱ្យប្រជាជនខេត្តកំពត ព្រមទាំងប្រជាជនកម្ពុជានៅទូទាំងប្រទេសចងចាំជានិច្ចមិនអាចបំភ្លេចបាន។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរៈសេនីយ៍ត្រី សូត្រ ពេជ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង














Post a Comment

0 Comments