នៅក្នុងពិធី “រុក្ខទិវា” ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយមន្ទីរកសិកម្ម សហការជាមួយនឹងអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានរួមគ្នាដាំដើមស្ងាវចំនួន ៤០០ដើម នៅរមណីយដ្ឋានឆ្នេរកោះស្មៅ ក្នុងគោលបំណង់លើកកម្ពស់បរិស្ថានបៃតង និងសោភ័ណភាពតំបន់នោះឱ្យកាន់តែមានភាពទាក់ទាញ បន្ទាប់ពីផ្លូវបេតុងថ្មីតភ្ជាប់មកក្រុងកំពតត្រូវបានស្ថាបនាស្ទើររួចរាល់។
ថ្លែងនៅក្នុងពិធី “រុក្ខទិវា” ដែលរៀបចំឡើងនៅឆ្នេរកោះស្មៅ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា “រុក្ខទិវា” មានអត្តន័យនយោបាយ និងមានសារៈសំខាន់ដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់បំផុសស្មារតីស្រឡាញ់ព្រៃឈើ ព្រមទាំងក្រើនរម្លឹកប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសពលរដ្ឋខេត្តកំពតឱ្យជួយជ្រោមជ្រែងចូលរួមដាំដើមឈើគ្រប់ប្រភេទ ដើម្បីបណ្តុះគំនិតស្រឡាញ់ដើមឈើដល់កូនចៅជំនាន់ក្រោយ។ ពិធី “រុក្ខទិវា” គឺជាការដង្ហែតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះតែងតែយកព្រះទ័យទុកដាក់ជាអាទិភាពវិស័យព្រៃឈើ និងការដាំដើមឈើ ដែលជាអាយុជីវិតរបស់ប្រជារាស្ត្រខ្មែរ។ ព្រះអង្គតែងតែចូលរួមរុក្ខទិវាជារៀងរាល់ឆ្នាំ ហើយបន្តរហូតមកដល់រាជកាលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្របច្ចុប្បន្ន។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា ដោយអនុវត្តតាមគោលនយោបាយវិស័យព្រៃឈើរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បន្ទាប់ពីបានដាំដើមត្នោតរាប់ពាន់ដើមនៅតាមតំបន់ព្រំដែន ថ្ងៃនេះយើងរួមគ្នាដាំដើមស្ងាវនៅរមណីយដ្ឋានឆ្នេរកោះស្មៅ ក្នុងន័យដើម្បីលើកកម្ពស់បរិស្ថានបៃតង និងសោភ័ណភាពនៅតំបន់នេះឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តមក៏បានស្នើដល់មន្ត្រីជំនាញ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួមគ្នាការពារ ដាំដើមឈើ និងដើមផ្កាផ្សេងៗសើម្បីលម្អឱ្យបានច្រើនអមតាមដងផ្លូវបេតុងនៅតំបន់ឆ្នេរកោះស្មៅនេះ ដែលទើបនឹងស្ថាបនារួចរាល់។
លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានលើកឡើងថា ព្រៃឈើគឺមានអត្ថប្រយោជន៍ជាច្រើន ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ រក្សាលំនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ រក្សាប្រព័ន្ធអេកូឡូស៊ី ជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះបាក់ដី និងបង្កើនគុណភាពដីជាដើម។ លោកប្រធានមន្ទីរក៏បានធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ ឱ្យចូលរួមការពារព្រែឈើ និងដាំដើមឈើឡើងវិញយ៉ាងហោចម្នាក់១ដើម ដើម្បីជាការរួមចំណែកការពារជីវិតលើភពផែនដី៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments