ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញពីក្រសួងមហាផ្ទៃ ក៏ដូចជាផែនការណែនាំនៃរដ្ឋបាលខេត្ត កម្លាំងចំណុះនៃស្នងការដ្ឋាននគរបាលខេត្តកំពត បាននិងកំពុងបង្កើនការត្រួតពិនិត្យឆែកឆេរ ក្នុងគោលបំណងដើម្បីបង្ការទប់ស្កាត់ ព្រមទាំងបង្ក្រាបរាល់បទល្មើសផ្សេងៗនៅតាមគោលដៅសំខាន់ៗក្នុងខេត្ត ដោយប្រតិបត្តិការនេះធ្វើឡោះង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីថែរក្សាសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្ត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ចាក់ថា ក្រោមបទបញ្ជារបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាផែនការណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥មក កម្លាំងចំណុះនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់គោលដៅត្រួតពិនិត្យឆែកឆេរអ្នកដំណើរ និងយានយន្តឆ្លងកាត់គោលដៅសំខាន់ៗមួយចំនួនរួមមាន៖ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ផ្លូវជាតិផ្លូវលេខ៣៣ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៣២ឆ្ពោះទៅកាន់រមណីយដ្ឋានព្រះមុនីវង្សបូកគោ។ ប្រតិបត្តិការដែលបាន និងកំពុងអនុវត្តនេះ គឺក្នុងបំណងពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តខេត្តកំពតទាំងមូលដោយប្រើប្រាស់កម្លាំងប្រចាំការ ២៤ម៉ោងលើ២៤។ក្នុងការចុះអនុវត្តន៍ប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ស្នងការបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិថា នៅពេលដែលប្រទះឃើញកម្លាំងសមត្ថកិច្ចនៅលើដងផ្លូវតាមគោលដៅដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរជាតិ អន្តរជាតិកុំមានការងឿងឆ្ងល់ ឬព្រួយបារម្ភ ហើយត្រូវចូលរួមសហការដើម្បីបញ្ចៀសភាពរាំងស្ទះសម្រាប់ធ្វើដំណើរទៅមកបានដល់គោលដៅដោយភាពរីករាយ។ លោកក៏បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការត្រួតពិនិត្យឆែកឆេរដោយពុំមានភ្ញៀវណាម្នាក់បង្កការអុកឡុក ឬរំខានសម្រាប់ប្រតិបត្តិការនោះឡើយសម្រាប់រយៈពេល៥ថ្ងៃកន្លងមកនេះ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments