Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១០៩គ្រួសារនៅខេត្តកំពតទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋចំនួន ១០៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាក និងស្តារជីវភាពរស់នៅឡើងវិញ បន្ទាប់ពីផ្ទះសម្បែង និងទ្រព្យសម្បត្តិមួយចំនួនបានរងការខូចខាតដោយគ្រោះធម្មជាតិ។

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា និងអនុសាខា ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាសខេត្តកំពត។
 
ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាក រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ចាស់ជរា ស្ត្រីមេម៉ាយ អ្នកមានជំងឺ និងជនងាយរងគ្រោះគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានសម្តែងការសោកស្តាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលបណ្តាលមកពីគ្រោះធម្មជាតិ និងបានលើកទឹកចិត្តឱ្យបងប្អូនខិតខំប្រកបរបរចិញ្ចឹមជីវិត បង្កបង្កើនផល ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាស្តារជីវភាពរស់នៅឡើងវិញផងដែរ។

នៅក្នុងឱកាសនោះដែរ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក៏បានធ្វើការផ្សព្វផ្សាយអំពីការថែរក្សាសុខភាព និងការបង្ការជំងឺផ្សេងៗ ដោយណែនាំឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់អនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត អនុវត្តវិធានការ “តិចអំបិល តិចស្ករ តិចខ្លាញ់” និងហាត់ប្រាណជាប្រចាំ ដើម្បីការពារជំងឺឆ្លង និងជំងឺមិនឆ្លង។ ទន្ទឹមនឹងនោះក្រុមការងារ ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននៅរដូវភ្លៀងធ្លាក់ ការពារកុមារតូចៗពីគ្រោះថ្នាក់ លុបបំបាត់ថ្លុកទឹកជ្រាំ ដេកក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម គោរពច្បាប់ចរាចរណ៍ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចូលរួមដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីថែរក្សាបរិស្ថាន។

អំណោយដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ១០៩គ្រួសាររួមមាន៖ គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១១គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម, ទឹកត្រី ១យួរ, កៅស៊ូតង់ ១ដុំ និងថវិកា២០ម៉ឺនរៀល។ ចំណែកគ្រួសាររងគ្រោះមធ្យម និងស្រាលចំនួន ៩៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ និងថវិកាមួយចំនួន។ ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ និងក្រុមការងារ ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន៖ អង្ករ ៤០គីឡូក្រាម, មី ២កេស, ទឹកត្រី ២យួរ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments