នៅថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពតដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងសិក្សាពីតម្រូវការ និងសំណូមពរផ្សេងៗរបស់មន្ទីរ។
ក្នុងឱកាសនោះដែរក្រោយពីបានស្តាប់របាយការណ៍របស់ លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត អំពីវឌ្ឍនភាពការងារ និងលទ្ធផលការងាររបស់មន្ទីរដែលសម្រេចបាន និងអនុវត្តកន្លងមក ព្រមទាំងទិសដៅអនុវត្តន៍បន្តរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួន ហើយទទួលបានលទ្ធផលល្អប្រសើ។ជាមួយគ្នានេះដែរ ឯកឧត្តម សោម កុសស ក៏បានជំរុញលើកទឹកចិត្តដល់ ថ្នាក់នាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពតទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវផលិតព័ត៌មានពិតដើម្បីធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង នឹងបន្តផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗក្នុងខេត្ត។ បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានចុះពិនិត្យសកម្មភាពការងារផ្សាយវិទ្យុ និងទូរទស្សន៍ Online របស់មន្ទីរព័ត៌មាន និង ទទួលយកនូវសំណូមពរផ្សេងៗដើម្បីដាក់ជូនក្រសួងព័ត៌មានផងដែរ។
សូមបញ្ជាក់ថា មន្ទីរព័ត៌មានខេត្តកំពតមាន ៥ការិយាល័យ មានមន្ត្រីក្របខ័ណ្ឌចំនួន ២៦នាក់ ស្រី១២នាក់ មន្ត្រីជាប់កិច្ចសន្យា ១៣នាក់ ស្រី ៣នាក់ មន្ទីរមានស្ថានីយ៍វិទ្យុជាតិ ៩មករា FM 99.70Mhz ដំណើរការផ្សាយផ្ទាល់ក្នុងកម្លាំង ២គីឡូវ៉ាត់ មានទូរស្សន៍ផ្សាយតាម Online “ទូរទស្សន៍ខេត្តកំពត” ផងដែរ៕
រូបភាព អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments