នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តរួមនឹងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេតកំពត បានប្រារព្ធធ្វើពិធីខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមក្នាកសាងភាពធន់ដើម្បី ការងារសមរម្យ» ក្រោមអធិបតីភាព ឯកឧត្ដម សេន សាប៊ីល អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ក្នុងពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់មន្ទីរ-អង្គភាពជុំវិញខេត្ត និងកម្មករ កម្មការនីចំនួន ៧០០នាក់ មកពីក្រុមហ៊ុនឃីមីហ្គាមេន ដែលមានអាស័យដ្ឋាន នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ដែលពិធីនេះធ្វើឡើងអគារមិត្តភាព ក្រុងកំពត។
ក្នុងឱកាសនោះដែរ ឯកឧត្ដម សេន សាប៊ីល អភិបាលរងខេត្ត បានឡើងអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ដែលក្នុងសារលិខិតនេះបានបញ្ជាក់ថា៖ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលមិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាខ្ពស់ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ដនិងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។បច្ចុប្បន្ន បើទោះជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅយ៉ាងណាក្តី តាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំ កម្ពុជាបាននិងកំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់គួរជាទីមោទនៈ លើមាគ៌ានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមនុញ្ញផលអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាព របស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត។ នៅឆ្នាំ២០២៥ កន្លងទៅនេះ រាជរដ្ឋាភិបាលបានខិតខំជម្នះបាន នូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍តំបន់និងសកលលោកដែលកើតឡើងជាបន្តបន្ទាប់និងដំណាលៗគ្នា ដោយសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ជាមួយនឹងការចាត់វិធានការអន្តរាគមន៍ចំពោះវិបត្តិនានាទាន់ពេលនិងចំទិសដៅ។
ក្នុងឱកាសនោះដែរ លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានលើកឡើងថាៈ ការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តរបស់កម្មករនិយោជិតដែលបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ដែលនេះជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេចជ្ញាចិត្ត និងការយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។ លោកប្រធានមន្ទីរបានបញ្ចាក់ថា ខេត្តកំពតមានរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ៨៧០និងមានកម្មករនិយោជិតសរុបចំនួន ២៨ ២០៨ នាក់ ស្រី ១៦ ២៥២នាក់។ ក្នុងនោះ រោងចក្រ សហគ្រាស គ្រឹះស្ថាន ផ្នែកវិស័យកាត់ដេរ និងផលិតស្បែកជើងមានចំនួន១០ មានកម្មករនិយោជិតសរុបចំនួន ១៥ ៤៦៧នាក់ ស្រី ១១ ៨៣៧នាក់ និងវិស័យផ្សេងៗក្រៅពីកាត់ដេរមាន ៨៦០ មានកម្មករនិយោជិតសរុបចំនួន ១២ ៧៤១នាក់ ស្រី ៤ ៥១៥នាក់។ ក្នុងនោះផងដែរ សហជីបមូលដ្ឋាននៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងខេត្តកំពតដែលមានបញ្ជិកាត្រឹមត្រូវមានចំនួន ១៧ សហជីប៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



























0 Comments