មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានផ្ទៃដីដាំដំណាំទុរេនប្រមាណជិត ៣ពាន់ហិកតា ដោយក្នុង ១ហិកតាអាចប្រមូលផលបាន ១៤តោន។ ការប្រមូលផលគិតមកដល់ថ្ងៃនេះ ទើបបានប្រមាណ ៣៥%ប៉ុណ្ណោះ។ បើតាមការប៉ាន់ស្មាន ទិន្នផលទុរេនកំពតឆ្នាំនេះ អាចប្រមូលបានប្រមាណជាង ២ម៉ឺន ៤ពាន់តោន ខណៈដែលក្រុមអាជីវករ និងម្ចាស់ចម្ការទុរេនបានបង្ហាញលក្ខណៈសំគាល់ទាំងរូបរាង គុណភាព និងរស់ជាតិទុរេនកំពត ដើម្បីកុំឱ្យអ្នកទិញច្រឡំ។
អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក តេង វ៉ាន់ធឿន បានប្រាប់ឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ផ្ទៃដីដាំទុរេនក្នុងខេត្តកំពតមានការកើនឡើងជាលំដាប់ ដោយសារគុណភាពទុរេនកំពត មានរស់ជាតិឆ្ងាញ់ ទទួលបានការគាំទ្រ និងនិយមទទួលទានពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា ខេត្តកំពត ផ្ទៃដីដាំទុរេនមានប្រមាណជិត ៣ពាន់ហិកតា ខណៈការប្រមូលផលគិតមកដល់ថ្ងៃនេះបានប្រមាណរង្វង់ ៣៥% ហើយតាមការប៉ាន់ស្មាន ទិន្នផលទុរេនកំពតឆ្នាំនេះអាចនឹងប្រមូលផលបានប្រមាណជាង ២ម៉ឺន ៤ពាន់តោន។ក្រុមអាជីវករ និងជាម្ចាស់ចំការទុរេនក្នុងស្រុកទឹកឈូ បានបញ្ជាក់ថា ការប្រមូលផលទុរេនឆ្នាំនេះលឿនជាងឆ្នាំមុន ហើយពួកគាត់លក់តែទុរេនខ្លួនឯង និងទិញពីចម្ការអ្នកជិតខាង គឺមិនបានទិញទុរេនពីបណ្ដាខេត្តផ្សេង ឬពីប្រទេសជិតខាងយកមកលក់នោះទេ ព្រោះគុណភាព និងរសជាតិទុរេនខេត្តកំពត មានភាពខុសប្លែកពីទុរេនតាមបណ្ដាខេត្តផ្សេងៗ ពិសេសទុរេនពីក្រៅប្រទេស។ ក្រុមអាជីវករបានបន្តថា ប្រសិននាំយកទុរេនពីខេត្តផ្សេងៗមកលក់នៅកំពត វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសទុរេនកំពត។ ពួកគាត់ក៏បានបង្ហាញពីលក្ខណៈសម្គាល់របស់ទុរេនកំពតនូវចំណុចពិសេសមួយចំនួនដូចជា៖ ទុរេន “ម៉ាន់ថង” ផ្លែស្អាត មានគូថរាងស្រួច សណ្តង់វែង, ទុរេន “ឪខាក់” មានផ្លែស្អាត តែគូថមិនស្រួចនោះទេ សណ្តង់វែង, ទុរេន “ម៉ូសាំងឃីន” ផ្លែមានលក្ខណៈតូចៗ ហើយបើធំបំផុតអាចមានទម្ងន់ ៣គីឡូ ហើយមានសណ្តង់វែង, ទុរេន “សណ្តង់កិត” ផ្លែធំ ហើយសណ្តង់របស់វាខ្លីជិតគល់, ការបង្ហាញនេះគឺជាសំណេះដឹង និងធ្វើឱ្យអ្នកទិញអាចសំគាល់ច្បាស់ថាតើទុរេនណាជារបស់ខេត្តកំពតពិតប្រាកដ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ និងក្រុមអាជីវករម្នាស់ចម្ការថា រដូវប្រមូលផលទុរេនអាចអូសបន្លាយដល់ខែសីហា ខណៈដែលចំការមួយចំនួនទៀតក៏មានទុរេនផ្លែខុសរដូវផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគាត់បានស្នើសុំឱ្យអ្នកលក់ទុរេនទាំងអស់ក្នុងខេត្ត បង្ហាញពីភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរ ហើយកុំភូតកុហក់ដល់អ្នកទិញទុរេន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិស័ព្ទរបស់ទុរេនកំពត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















0 Comments