Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រុមអាជីវករថារមណីយដ្ឋានដូងទេជាកន្លែងប្រមូលផ្តុំនំចំណី និងផ្លែឈើច្រើនមុខនៅក្នុងតំបន់ទឹកឈូ

ក្រុមអាជីវករនៅរមណីយដ្ឋានដូងទេ បានលើកឡើងថា ពីមុនរហូតមកដល់បច្ចុប្បន្ន ពួកគាត់លក់តែផលិតផល នំចំណី និងផ្លែឈើក្នុងតំបន់តែប៉ុណ្ណោះ ព្រោះទំនិញនាំចូលត្រូវបានហាមឃាត់។ ពួកគាត់បញ្ជាក់ថា ប្រសិនបើបងប្អូនពលរដ្ឋ និងភ្ញៀវទេសចរចង់ហូបនំចំណី ពិសេសផ្លែឈើតំបន់ទឹកឈូ សូមមកលេង និងទិញនៅរមណីយដ្ឋានដូងទេ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែសីហា ព្រោះវាជារដូវប្រមូលផលដំណាំហូបផ្លែ។

ក្រុមអាជីវករនៅរមណីយដ្ឋានដូងទេ បានប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ចាប់ពីខែឧសភា ដល់ខែសីហា ផ្លែឈើនៅតំបន់ទឹកឈូកំពុងពេញប្រមូលផល ពិសេសទុរេន មង្ឃុត សាវម៉ាវ ទៀបបារាំងជាដើម ហើយពួកគាត់តែងតែយកមកលក់នៅរមណីយដ្ឋានដូងទេនេះ។ ក្រុមអាជីវករបានបន្តថា ការលក់ដូរនៅក្នុងរមណីយដ្ឋានដូងទេនេះ គឺមានការត្រួតពិនិត្យ និងណែនាំដោយផ្ទាល់ពីម្ចាស់រមណីយដ្ឋាន ដោយមិនតម្រូវឱ្យពួកគាត់យក នំចំណី ផ្លែឈើ មកពីតំបន់ផ្សេង ឬក្រៅខេត្តដែលមិនស្ថិតក្នុងតំបន់ទឹកឈូ ដែលជាផ្លែឈើរបស់បងប្អូនអាជីវករឡើយ ហើយការលក់ដូរក៏ត្រូវមានភាពស្មោះត្រង់ចំពោះភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋាននេះដែរ។

ក្រុមអាជីវករក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិថា បើចង់ទទួលទានម្ហូបអាហារ នំចំណី ពិសេសផ្លែឈើសុទ្ធៗរបស់កសិករដែលបានដាំនៅក្នុងតំបន់ទឹកឈូ សូមមកលេងកម្សាន្ត និងទិញយកទៅហូបនៅរមណីយដ្ឋានដូងទេ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែសីហា ព្រោះវាជារដូវប្រមូលផលដំណាំហូបផ្លែរបស់អ្នកទឹកឈូ។

សូមបញ្ជាក់ថា រមណីយដ្ឋានដូងទេ ជារមណីយដ្ឋានដ៏ល្អប្រណិត និងទាក់ទាញបំផុតមួយរបស់ខេត្តកំពត ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ រមណីយដ្ឋាននេះ បាននិងកំពុងខិតខំកែលម្អ និងពង្រីកខ្លួនកាន់តែធំ ទាំងសេវាកម្ម និងទីតាំង។ ហើយអ្វីដែល ពិសេសផងដែរនោះ គឺស្តង់លក់សម្ភារៈ វត្ថុអនុស្សាវរីយ៍ នំចំណី និងផ្លែឈើនៅអមច្រកចូល និងនៅខាងក្នុងក្បែរឆ្នេរកម្សាន្ត ប្រមាណជាង ៤០ស្តង់ រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ ដោយស្នាមញញឹម ប្រកបដោយភាពកក់ក្តៅ និងការទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments