Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ទុរេនទឹកជ្រោះឪម៉ាល់ចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ ខណៈទិន្នផលប្រសើរជាងឆ្នាំមុន

ប្រជាកសិករម្ចាស់ចម្ការទុរេននៅតំបន់ទឹកជ្រោះឪម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត បានចាប់ផ្តើមប្រមូលផលទុរេនបណ្តើរៗហើយ ខណៈដែលផ្លែទុរេនដើមដៃលក់បានតម្លៃខ្ពស់។ ហើយទោះជាឆ្នាំនេះអាកាសធាតុនៅបន្តក្តៅ និងរាំងខ្លាំង ពិបាករកទឹកស្រោចស្រព ប៉ុន្តែទុរេនស្ទើរគ្រប់ដើមមានផ្លែច្រើនជាងឆ្នាំមុន។ មន្ត្រីកសិកម្មឃុំថា ទុរេនទឹកជ្រោះឪម៉ាល់ឆ្ងាញ់ជាងគេ ទិន្នផលខ្ពស់ជាងគេ និងប្រមូលផលបានមុនគេ។

លោក ឃៀក សូយ ប្រជាកសិករដាំដំណាំទុរេននៅតំបន់ទឹកជ្រោះឪម៉ាល់បានប្រាប់ឱ្យដឹងថា លោកបានធ្វើចម្ការនៅទីនេះជាង ២០ឆ្នាំមកហើយ ចម្ការបស់លោកទំហំ ៤ហិកតា ប៉ុន្តែដាំទុរេនបានប្រមាណជិត ៣០០ដើមប៉ុណ្ណោះ ដោយសារកក្តាកង្វះប្រភពទឹក។ លោកបានបញ្ជាក់ថា ឆ្នាំនេះអាកាសធាតុក្តៅ ហើយរាំងខ្លាំង ប៉ុន្តែទុរេនរបស់លោកកាន់ផ្លែបានច្រើនមិនជ្រុះទេ ហើយលោកបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។

ចំណែកអ្នកស្រី ជុំ ណាគ្រី ដែលត្រូវជាភរិយាលោក ឃៀក សូយ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ពេលដែលទុរេនប្រមូលផលពេញបន្ទុក អ្នកស្រីតែងតែលក់បោះដុះផង និងយកទៅលក់រាយនៅផ្ទះបងប្អូននៅឯភ្នំពេញផង គឺនៅក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ។ អ្នកស្រីបានបញ្ជាក់ថា អតិថិជន មិនអាចសំគាល់ទុរេនកំពត ឬទុរេនទឹកជ្រោះឪម៉ាល់បានទេ ប៉ុន្តែអ្នកលក់ដឹងច្បាស់។ ដូច្នេះបើបងប្អូនចង់បានទុរេនកំពតពិតប្រាកដ សូមអញ្ជើញមកលេងកំពត ហើយទៅទិញដល់ចម្ការ ពិសេសក្នុងខែឧសភា និងមិថុនា ទុរេនកំពតកំពុងពេញប្រមូលផល។

មន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ លោក សិទ្ធិ សុគន្ធ បានប្រាប់ឱ្យដឹងដែរថា នៅតំបន់ទឹកជ្រោះឪម៉ាល់ មានកសិករដាំដំណាំហូបផ្លែសរុប ១២៥គ្រួសារ ក្នុងនោះចម្ការទុរេនមានជាង ១៣០ហិកតា ហើយទុរេននៅតំបន់ទឹកជ្រោះឪម៉ាល់មានផ្លែច្រើនជាងគេ រសជាតិឈ្ងុយឆ្ងាញ់ជាងគេ និងប្រមូលផលបានមុនគេ បើធៀបនឹងតំបន់ផ្សេងៗនៅក្នុងឃុំម៉ាក់ប្រាង្គ ហើយទុរេនផ្លែខុសរដូវ ក៏មានច្រើនជាងគេដែរនៅតំបន់នោះ។

បើតាមការបញ្ជាក់របស់មន្ត្រីកសិកម្មថា ឃុំម៉ាក់ប្រាង្គមានផ្ទៃដីកសិកម្មសរុបជាង ២ពាន់ហិកតា ហើយភាគច្រើនជាចម្ការទុរេន ចេក សាវម៉ាវ មង្ឃុត ត្របែក ទៀបបារាំង និងក្រូចជាដើម ដូច្នេះហើយទើបទេសចរមកលេងនៅតំបន់បណ្តុំរមណីយដ្ឋានទឹកឈូ សប្បូរផ្លែឈើហូបស្ទើរគ្រប់រដូវ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments