ខេត្តកំពតនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកសម្រាកលំហែនៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យទានផ្សេងៗ។ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំដោយភាពច្នៃប្រឌិតរបស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត បានធ្វើឱ្យខេត្តទេសចរណ៍ប៉ែកនារតីមួយនេះកាន់តែមានភាពទាក់ទាញ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានយកចិត្តទុកដាក់ខ្លាំង ហើយសមិទ្ធផលទេចរណ៍ឯកក៏បានលេចឡើងជាវន្តបន្ទាប់។ ជាក់ស្តែងក្នុងឱកាសនៃពិធៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរមកលេង និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន២.៣៩០នាក់។លោកប្រធានមន្ទីរបានបញ្ជាក់ថា ភ្ពៀវជាតិ អន្តរជាតិដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងបងប្អូប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់។
លោកប្រធានមន្ទីរបានបន្តថា សម្រាប់ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រួមនឹងសេវាស្នាក់នៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯតម្លៃសេវាកម្មក៏ពុំមានការតម្លើងថ្លៃហួសហេតុដែលមិនអាចទទួលយកបានពីភ្ញៀវទេសចរនោះឡើយ។ ចំណែកឯការធ្វើដំណើរក៏មិនមានការកកស្ទះចរាចរណ៍យូរឡើយ ដោយស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំកម្លាំងដើម្បីសម្រួល និងបញ្ជៀសការកកស្ទះបានយ៉ាងល្អប្រសើរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត






























0 Comments