មន្ត្រីជំនាញបានបញ្ជាក់ថា ទិន្ននាការភ្ញៀវមកលេងខេត្តកំពតនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហាក់មានការធ្លាក់ចុះដោយសារគ្មានកម្មវិធីលេងបាញ់ទឹក ប៉ាតម្សៅដូចរាល់ឆ្នាំ ម្យ៉ាងពលរដ្ឋភាគច្រើនរវល់ជួបជុំក្រុមគ្រួសាររៀបចំផ្ទះ និងគ្រឿងប្រដាប់ដង្វាយដើម្បីទទួលទេវតាឆ្នាំថ្មីផង។ តែយ៉ាងណាក៏ដោយ លោករំពឹងថាថ្ងៃបន្តបន្ទាប់ភ្ញៀវនឹងមកលេងកំពតកាន់តែច្រើន ខណៈដែលក្រុមយុវជនបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរបុរាណ គាំទ្រការរៀបចំរបស់រដ្ឋបាលខេត្តយ៉ាងពេញទំហឹង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា សម្រាប់ថ្ងៃទី១ នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និន្ននាការភ្ញៀវមកលេងខេត្តកំពត មានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទាំងនៅតាមតំបន់រមណីយដ្ឋាន និងតំបន់ក្នុងក្រុងកំពត។ មូលហេតុដោយសាររដ្ឋបាលខេត្តមិនមានការរៀបចំកម្មវិធីសប្បាយដូចជា តំបន់ត្រជាក់(លេងបាញ់ទឹក) លេងប៉ាតម្សៅ ឬរាំរែកសប្បាយទ្រង់ទ្រាយធំដូចរាល់ឆ្នាំ។ ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋភាគច្រើនជាប់រវល់ជួបជុំក្រុមគ្រួសាររៀបចំផ្ទះ និងគ្រឿងប្រដាប់ដង្វាយសម្រាប់ទទួលទេវតាឆ្នាំថ្មី។ តែទោះជាយ៉ាងណាក៏ដោយ ដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននីមួយៗក្នុងខេត្ត ប្រព្រឹត្តិទៅដោយរលូន។ ហើយលោករំពឹងថា ថ្ងៃបន្តបន្ទាប់ទៀត ភ្ញៀវទេសចរនឹងមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលថ្ងៃឈប់សម្រាកពិធីបុណ្យអូបបន្លាយពេលវែងរហូតដល់ថ្ងៃអាទិត្យ។ លោកប្រធានមន្ទីរបានបញ្ជាក់ឱ្យដឹងផងដែរថា ចំណុចល្អប្រសើរគួរឱ្យកត់សំគាល់ គឺផ្សារវិថីអាហារខេត្តកំពត ភ្ញៀវបានចេញចូញច្រើនរហូតដល់យប់ពេលជ្រៅ ដែលនេះបង្ហាញអំពីការគាំទ្ររបស់ទេសចរចំពោះសមិទ្ធផលបន្ថែមថ្មីរបស់រដ្ឋបាលខេត្តកំពត។ក្រុមយុវជនបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរបុរាណ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា រដ្ឋបាលខេត្តមិនបានរៀបចំឱ្យលេងបាញ់ទឹក និងប៉ាតម្សៅ ហើយងាកមកជំរុញឱ្យយុវជន និងពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផល និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរជាដើម នេះគឺពិតជាបានបង្ហាញនូវគុណតម្លៃនៃវប្បធម៌ប្រពៃណី និងដូងប្រពឹងរបស់ជាតិខ្មែរ។
តាមការសង្កេតទិដ្ឋភាពជាក់ស្តែងសម្រាប់ថ្ងៃទី១ នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ លំហូរភ្ញៀវចូលមកលេងកម្សាន្តនៅក្នុងក្រុងកំពតច្រើននៅពេលល្ងាច និងពេលយប់ ដោយសារអាកាសធាតុ និងបរិយាកាសត្រជាក់ រួមនឹងមានការប្រគុំតន្ត្រី និងការតាំងលក់ផលិតផលផ្សេងៗផង៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















0 Comments