Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ គ្រូមត្តេយ្យសហគមន៍គឺជាពុម្ភឆ្លាក់ធនធានមនុស្ស និងធនធានជាតិយ៉ាងសំខាន់

អភិបាលខេត្តកំពតបានលើកឡើងថា លោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍ដែលបានបង្រៀននៅតាមបណ្តាភូមិ ឃុំ-សង្កាត់ បានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងធនធានជាតិយ៉ាងសំខាន់ ព្រោះកូនក្មួយតូចៗចាប់ផ្តើមទទួលបានការបណ្តុះបណ្តាលផ្ទាល់។ ឯកឧត្ដមអភិបាលខេត្ត បានជំរុញឱ្យ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្តបណ្តុះកូនក្មួយជំនាន់ក្រោយអោយក្លាយជាធនធានមនុស្ស និងធនធានជាតិដែលមានគុណភាព ដើម្បីចូលរួមបំរើជាតិ។

មានមតិក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍ ដែលមកពីបណ្តាក្រុង-ស្រុកទាំង៩ ចំនួន ១៤៨នាក់ នៅសាលមហាជន សាលាខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការសិក្សាអប់រំរបស់ប្រទេសកម្ពុជាត្រូវបានបាត់បង់ទាំងស្រុងក្នុងរបប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលពេលនោះអ្នកមានចំណេះដឹងស្ទើតែត្រូវបាត់បង់ទាំងស្រុង។ ហើយក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ការសិក្សាត្រូវបានរៀបចំឡើងវិញតាមរយៈលោកគ្រូ អ្នកគ្រូ ព្រះសង្ស ដែលមានចំណេះដឹង ហើយនៅមានជីវិតបន្ត តែការសិក្សានោះក៏មិនមានសាលារៀនត្រឹមត្រូវ និងស្អាតដូចបច្ចុប្បន្នដែរ គឺការសិក្សារៀនសូត្រគឺនៅក្នុងទីវត្តអារាម។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានបន្តថា ក្រោយពេលប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ពេញផ្ទៃប្រទេសដែលយកមកដោយលំបាក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី វិស័យសិក្សាធិការត្រូវបានយកចិត្តទុកដាក់ជាចម្បង ដោយបានបង្កើតឡើងឱ្យមានសាលារៀនគ្រប់តំបន់ បំពាក់បំប៉នអោយមានគ្រូបង្រៀនគ្រប់សាលា រហូតដល់ក្នុងភូមិដើម្បីបណ្តុះបណ្តាលកូនក្មួយជំនាន់ក្រោយ។ ដូច្នេះក្នុងនាមយើងជាអ្នកបណ្តុះបណ្តាល និងជាអ្នក់ឆ្លាក់ពុម្ភបង្កើតធនធានមនុស្សសម្រាប់បំរើសង្គមជាតិ យើងត្រូវបណ្តុះឱ្យមានគុណភាពខ្ពស់ មានចំណេះដឹងពិតប្រាកដ ចំណេះធ្វើពិប្រាកដ ដើម្បីចូលរួមបំរើជាតិមាតុភូមិ ពិសេសឱ្យមានមនសិកាស្នេហាជាតិ ដឹងគុណ តបគុណអ្នកដែលផ្តល់ភាពសុខសាន្តដល់យើងទាំងអស់គ្នា ពិសេសស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានរៀបចំការចាប់រង្វាន់លើកទឹកចិត្តដល់គ្រូមត្តេយ្យសហគមន៍ទាំងអស់ ដែលរង្វាន់រួមមាន៖ ម៉ូតូ ចំនួន ២គ្រឿង កុំព្យូទ័រឡេបថប ចំនួន ៦គ្រឿង និងទូរទស្សន៍ ចំនួន ១០គ្រឿង។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់ជូនថវិកា និងគ្រឿងឧបភោគបរិភោគក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ លោកគ្រូ អ្នកគ្រូ ទាំង ១៤៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ថវិកា ១០ម៉ឺនរៀល, សារ៉ុង២, អង្ករ ៨០គីឡូក្រាម, ទឹកសុទ្ធ ១កេស, ទឹកក្រូច ១កេស, មី ១កេស រួមនឹងអាហារសាមគ្គីថ្ងៃត្រង់ផងដែរ។

យោងតាមរបាយកាណ៍ពីមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត មានមត្តេយ្យសហគមន៍ចំនួន ១៣៥កន្លែង ស្មើ ១៤៩ថ្នាក់ គ្រូ ១៤៨នាក់ក្នុងនោះគ្រូជាប់ស្តង់ដា ៨៨នាក់ ប្រមូលសិស្សបាន ៤ ១២៧នាក់ (ស្រី ២ ០២៩នាក់) ស្នើនឹង ៣០% នៃចំនួនកុមារតូចដែលបានចូលរៀនទាំងអស់ ខណៈមត្តេយ្យរដ្ឋប្រមូលសិស្សបាន៦០%  ឯកជន១០%៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង






















Post a Comment

0 Comments