Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាគ្រាប់ពេជ្រលើជើងពានមាស

អភិបាលខេត្តកំពតបានធ្វើការជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានខ្ពស់ខ្ពស់ ជៀសវាងការបោះបង់ការសិក្សាដើម្បីក្លាយខ្លួនជាគ្រាប់ពេជ្រដែលតម្កល់លើជើងពានមាស និងដើម្បីយកចំណេះដឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ត្រូវជំរុញ និងបញ្ជូនកូនដែលគ្រប់អាយុមកចូលរៀនឱ្យបានគ្រប់ៗ ពិសេសត្រូវបណ្តុះវប្បធម៌កត្តញ្ញូ និងគំនិតជាតិដល់សិស្សានុសិស្សជំនាន់ក្រោយ។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៅវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពេលប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់តេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យអប់រំត្រូវបានលើកកម្ពស់ និងចាត់ទុកជាវិស័យអាទិភាពដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ហើយធនធានមនុស្សក៏ត្រូវបានចាត់ទុកក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលផងដែរ។ ដូច្នេះ កូនៗដែលជាសិស្សានុសិស្សទាំងអស់ត្រូវខិតខំសង្វាតសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ កុំបោះបង់ការសិក្សា ព្រោះចំណេះវិជ្ជាមានតម្លៃកាត់ថ្លៃពុំបាន មិនមានកណ្តៀកោ កណ្តុរកាត់បាន ចោរក៏មិនអាចលួចបាន ហើយធ្វើយ៉ាងណាត្រូវសិក្សាធ្វើខ្លួនឱ្យក្លាយជាគ្រាប់ពេជ្រនៅលើជើងពានមាស ដើម្បីផ្តល់កិត្តិយសដល់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែលខិតខំចំណាយថវិកា និងពេលវេលាដើម្បីបង្រៀន ពិសេសបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹងខ្ពស់ ព្រោះថាកូនៗ សិស្សានុសិស្សទាំងអស់ពេលមានចំណេះដឹងខ្ពង់ខ្ពស់ គឺប្រៀបបាននឹងដុំពេជ្រមួយដុំដែលមានពន្លឺភ្លឺ ហើយនរណាៗក៏ចង់យកទៅដាក់លើជើងពានមាស ដែលនេះមានន័យថាបើយើងមានចំណេះជំនាញខ្ពង់ខ្ពស់ យើងមិនខ្វះកន្លែងធ្វើការងារនោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានគូសបញ្ជាក់ថា ដើម្បីទទួលបាននូវធនធានមនុស្សដែលមានគុណភាព គុណតម្លៃ គឺស្ថិតនៅលើការសាបព្រួសនិងផ្តល់នូវចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ នៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ដូច្នេះលោកគ្រូ អ្នកគ្រួ ត្រូវធ្វើយ៉ាងណាផ្តល់ និងផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្សឱ្យអស់ពីសមត្ថភាព។ ទន្ទឹមនឹងការបណ្តុះបណ្តាលចំណេះដឹង ចំណេះវិជ្ជា លោកគ្រូ អ្នកគ្រូ ក៏ត្រូវចែករំលែក និងសាបព្រួសនូវវប្បធម៌កត្តញ្ញូ ដើម្បីឱ្យសិស្សានុសិស្សជំនាន់ក្រោយបានដឹងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីយកមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។ ម្យ៉ាងទៀតលោកគ្រូ អ្នកគ្រូ ក៏ត្រូវបណ្តុះនូវគំនិតជាតិនិយមដល់សិស្សានុសិស្ស ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ ទឹកដី វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី ប្រជាជន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត ពិសេសត្រូវឱ្យពួកគាត់បានយល់ដឹងពីតម្លៃសន្តិភាព និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments