ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងសង្គមផ្អែកលើចំណេះដឹង ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានលើកទឹកចិត្ត និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់លើការសិក្សាអប់រំ ទាំងនៅក្នុងសាលារៀន និងវត្តអារាម ដោយចាត់ទុកចំណេះវិជ្ជា ជាទ្រព្យសម្បត្តិដ៏មានតម្លៃខ្ពស់បំផុត សម្រាប់ការកែប្រែជីវិតបុគ្គល គ្រួសារ និងសង្គមជាតិ។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត បានមានប្រសាសន៍ថា ក្នុងលោកនេះ មានតែទ្រព្យចំណេះវិជ្ជាតែប៉ុណ្ណោះ ដែលជាទ្រព្យល្អបំផុត ចាយមិនចេះអស់ ហើយចាយកាន់តែច្រើន កាន់តែចម្រើនឡើង ដោយមិនអាចបាត់បង់ ឬត្រូវបំផ្លាញដូចទ្រព្យសម្បត្តិផ្សេងៗឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ចំណេះវិជ្ជា គឺជាគន្លឹះសំខាន់ក្នុងការបង្កើនសមត្ថភាពគិតវិភាគ ការសម្រេចចិត្តត្រឹមត្រូវ និងការបង្កើតភាពច្នៃប្រឌិត ដែលស្របតាមគោលការណ៍វិទ្យាសាស្ត្រ និងការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្សសម័យថ្មី។ការលើកឡើងនេះ នៅក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស តាជីយាយជី និងព្រះសង្ឃ ព្រមទាំង ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សមិទ្ធផលនានារបស់វត្តឧត្តមមានជ័យ ឃុំកណ្តោល និងវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយឯកឧត្តមបានចូលរួមចំណែកថវិកាកសាងមួយចំនួនធំ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា វត្តអារាម មិនត្រឹមតែជាទីកន្លែងសម្រាប់អប់រំផ្លូវព្រះធម៌ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលសិក្សាដ៏សំខាន់មួយ សម្រាប់បណ្តុះបណ្តាលចិត្ត និងបញ្ញា ស្របតាមព្រះពុទ្ធសាសនា ដែលផ្តោតលើការអភិវឌ្ឍន៍មនុស្សឲ្យមានបញ្ញា សីលធម៌ សមាធិ និងការយល់ដឹងអំពីហេតុផលនៃជីវិត និងផ្តល់ឱកាសដល់ព្រះសង្ឃអាចបង្កើនការអប់រំចិត្ត ចម្រើនសីល សមាធិ និងបញ្ញា ។ ឯកឧត្តមបានបន្ថែមថា ការរួមបញ្ចូលការអប់រំតាមបែបវិទ្យាសាស្ត្រ និងព្រះពុទ្ធសាសនា គឺជាកត្តាសំខាន់ក្នុងការបង្កើតសង្គមមានសន្តិភាព វិន័យ និងការរស់នៅដោយសុភមង្គល។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានអំពាវនាវឲ្យព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ បន្តសហការគ្នាគាំទ្រដល់វិស័យអប់រំ ដោយចូលរួមលើកកម្ពស់ការសិក្សារៀនសូត្រ របស់កុមារ យុវជន និងព្រះសង្ឃឲ្យកាន់តែប្រសើរ ជាពិសេសការលើកទឹកចិត្តពីក្រុមគ្រួសារ លោកយាយលោកតា និងឪពុកម្តាយ គ្រូអាចារ្យ ក្នុងការជំរុញកូនចៅ និងសមណសិស្ស ឲ្យសិក្សាបានខ្ពស់។ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស គឺជាគោលដៅយុទ្ធសាស្ត្រសំខាន់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន មានភាពប្រកួតប្រជែង និងមានស្ថិរភាពយូរអង្វែង ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















0 Comments