Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានក្រុមការងាររាជរដ្ឋាភិបាលជុំរុញក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានអនុវត្តគោលការណ៍ ៤ចំណុចដើម្បីប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។

ក្នុងពិធីបិទសន្និបាតនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ក្រុមការងារចុះមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបន្តជ្រោងទង់សាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពត ប្រកបដោយភាពច្នៃប្រឌិត ជាក់ស្តែងនិយម និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ទោះបីសង្គមជាតិទាំងមូលបាននិងកំពុងប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានបន្តថា ដើម្បីបង្កើនសមិទ្ធផលថ្មីៗសម្រាប់ខេត្តកំពត និងប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ ឯកឧត្ដមស្នើឱ្យក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្ត ៤ចំណុចដូចខាងក្រោម៖ ១.បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ឱ្យប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពពេញលេញ និងជាពលរដ្ឋល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសការផ្តល់អាហារូបករណ៍ដល់ប្អូនៗសិស្សានុសិស្សសម្រាប់ការបន្តការសិក្សានៅក្រៅប្រទេស។ ២.បង្កើតបរិយាកាសវិនិយោគដែលអំណោយផលសម្រាប់ដៃគូអភិវឌ្ឍន៍នានាទាំងក្នុងនិងក្រៅប្រទេស និងពង្រីកសក្តានុពលដាំដុះដំណាំយុទ្ធសាស្ត្រនៅមូលដ្ឋាន ដូចជាដំណាំម្រេច ទុរេន ចេក។ល។ ៣.លុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) នៅតាមមូលដ្ឋាន និងច្រកព្រំដែន ដោយមិនត្រូវឱ្យមានករណីនេះនៅក្នុងភូមិសាស្ត្រខេត្តកំពតទេ និងបន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅមូលដ្ឋាន។ ៤.យកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងគម្រោងវិនិយោគនានា ដោយកំណត់អំពីផែនការកសាងផ្លូវអាទិភាពក្នុងខេត្ត ការតភ្ជាប់បណ្តាញអគ្គិសនីនិងទឹកស្អាត និងការអភិវឌ្ឍសហគមន៍នេសាទ ដើម្បីកសាងខឿនសេដ្ឋកិច្ច និងខឿនទេសចរណ៍នៅមូលដ្ឋាន៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments