ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលចំពោះការលះបង់របស់វីរកងទ័ពជួរមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជូនថវិកាដល់វីរកងទ័ពជួរមុខដែលរងរបួសនៅសមរភូមិមុខ ក្នុងបុព្វហេតុការពារទឹកដី តាមរយៈរដ្ឋបាលខេត្ត។
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី និងគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់វីរកងទ័ព ទឹម វឿន ដែលជាវីរកងទ័ពជួរមុខប្រចាំទិសថ្មដា ខេត្តពោធិ៍សាត់ ដែលរងរបួសក្នុការប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានទឹកដី មានទីលំនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ទឹម វឿន វីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសនៅគេហដ្ឋានក្នុងស្រុកជុំគិរី។ ឯកឧត្ដមអភិបាលខេត្តបានលោកឡើងថា ក្នុងរយៈពេលដែលមានការប៉ះទង្គេចរវាងកម្ពុជា ថៃ នាពេលកន្លងមក សម្តេចតេជោ និងសម្តេចធិបតី បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងការរកដំណោះស្រាយបញ្ចប់ការប៉ះទង្គេចនេះ។
ទន្ទឹមនឹងនោះដែរ ការគិតគូរពីសុខទុក្ខរបស់ពលរដ្ឋភៀសសឹក និងវីរកងទ័ពត្រូវបានយកចិត្តទុកដាក់ជាចម្បង ដោយមិនទុកចោលពលរដ្ឋភៀសសឹក និងវីរកងទ័ពទាំងអស់ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែងនាពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏បានផ្តល់នូវថវិកាជូនដល់លោក ទឹម វឿន សម្រាប់ព្យាបាលរបួស និងសម្រាប់ចំណាយផ្សេងៗក្នុងពេលសម្រាកព្យាបាលនេះ ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំដែងនូវការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ លោក ទឹម វឿន ដែលបានលះបងក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដែលវីរភាពនេះប្រជាពលរដ្ឋទូទាំងប្រទេសនឹងចងចាំជានិច្ច៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង














0 Comments