Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរនិងពលរដ្ឋខេត្តកំពតជ្រះថ្លាចូលរួមធ្វើបុណ្យមាឃបូជាដើម្បីសេចក្តីសុខក្តីចម្រើននិងសន្តិភាព

លោកអាចារ្យ និងពលរដ្ឋខេត្តកំពតបានលើកឡើងថា ទោះបីជាស្ថានភាពជម្លោះព្រំដែន កម្ពុជានិងថៃ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ សតិអារម្មណ៍ និងសេដ្ឋកិច្ចប្រជាជនតាមខ្សែបន្ទាត់ព្រំដែនក៏ពិតមែន ប៉ុន្តែសម្រាប់ខេត្តកំពត ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅតែមានទឹកចិត្តជ្រះថ្លាក្នុងចូលរួមសាគ្គីគ្នាប្រារព្ធពិធីបុណ្យមាឃបូជា ក្នុងគោលបំណងដើម្បីសុំសេចក្តីសេចក្តីចម្រើន និងសុខសន្តិភាពនៅកម្ពុជា។

លោកអាចារ្យ នៅ ស៊ីវុត្ថា បានបញ្ជាក់ថា ដោយមានកិច្ចសហការរៀបចំពីរដ្ឋបាលខេត្ត ព្រះសង្ឃ និងបងប្អូនប្រជាពុទ្ធបរិស័ទ ខេត្តកំពតបានប្រារព្ធពិធីបុណ្យមាឃបូជានៅបរិវេណសួនច្បារប្រាសាទដើមពោធិ៍ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ និងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ក្នុងន័យដើម្បីឧទ្ទិសមគ្គផលជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញ្ញាតិការទាំង៧សណ្តានជាដើមនោះ សូមឱ្យលោកទទួលបានក្តីសុខក្តីចម្រើន  និងបួងសួងសូមឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ វីរកងទ័ព មានសុខភាព និងបញ្ហា  ពិសេសសូមឱ្យកម្ពុជាមានសុខសន្តិភាព។

ចំណែកឯប្រជាពុទ្ធបរិស័ទរស់នៅក្រុងកំពត អ្នកស្រី អ៊ុង ចាន់លាភី បានប្រាប់ឱ្យដឹងដែរថា គាត់ពិតជាមានទឹកចិត្តរីករាយជ្រះថ្នាណាស់ ក្នុងការចូលរួមក្នុងពិធីបុណ្យមាឃបូជានៅឆ្នាំនេះ ព្រោះបុណ្យនេះជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ ដែលធ្វើឡើងដើម្បីរម្លឹកដល់គុណព្រះពុទ្ធ ពិសេសគឺដើម្បីធ្វើការឧទ្ទិសបួងសួង សូមសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រជាជន និងវីរកងទ័ពជួរមុខ។ អ្នកស្រីបានបន្តថា ថ្វីដ្បិតតែរយៈពេលកន្លងមក មានជម្លោះព្រំដែន កម្ពុជានិងថៃ ដែលបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ សតិអារម្មណ៍ និងសេដ្ឋកិច្ចប្រជាជនតាមខ្សែបន្ទាត់ព្រំដែនក៏ពិតមែន តែក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោធិបតី គឺបានធ្វើឱ្យមានសភាពស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋអាចចូលរួមធ្វើបុណ្យទានបានជាធម្មតា។

សូមបញ្ជាក់ថា បុណ្យមាឃបូជា ជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍អស្ចារ្យសំខាន់២ ទី១.ហៅថា ចតុរង្គសន្និបាត ដោយព្រះសង្ឃចំនួន ១,២៥០អង្គប្រមូលផ្តុំគ្នា ព្រះសង្ឃទាំងអស់មកដោយមិនបាននិមន្ត ព្រះសង្ឃទាំងអស់ជាព្រះអរហន្ត ព្រះសង្ឃទាំងអស់ទទួលឧបសម្បទាពីព្រះពុទ្ធដោយផ្ទាល់។ ក្នុងឱកាសនេះ ព្រះពុទ្ធបានសម្តែង ឱវាទបាតីមោក្ខ ដែលជាគោលការណ៍ស្នូលនៃព្រះពុទ្ធសាសនាក្នុងនោះ ណែនាំមិនឲ្យធ្វើអំពើអាក្រក់ទាំងពួង  ប្រព្រឹត្តតែអំពើល្អ  បរិសុទ្ធកាយ វាចា និងចិត្ត ដើម្បីឲ្យពុទ្ធសាសនិករស់នៅប្រកបដោយសីលធម៌ បញ្ញា និងមេត្តាករុណា និងទី២.ព្រះពុទ្ធប្រកាសដាក់អាយុសង្ខារ បន្ទាប់ពីថ្ងៃនោះបីខែ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments