អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំងគ្រប់ប្រភេទឱ្យបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានកាន់តែល្អប្រសើរ តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈមន្ត្រីនៅច្រកព្រំដែនទាំងអស់ត្រូវបង្កើនការត្រួតពិនិត្យទំនិញឱ្យបានច្បាស់លាស់។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦ នៅសាលសន្និសីទ បូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា កន្លងមកស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តគឺមានភាពល្អប្រសើរ ហើយភូមិសាស្ត្រនយោបាយក៏ល្អ មានសមធម៌ និងតម្លាភាពក្នុងសង្គម ដោយសារថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តបានរួមសហការគ្នាបានល្អប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តន៍ការងារតាមជំនាញរៀងៗខ្លួន។តែទោះជាយ៉ាងណាក៏ដោយ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរឡើង ឯកឧត្តមអភិបាលខេត្តបានដាក់ចេញគោលការណ៍ណែនាំ ដោយឱ្យអាជ្ញាធរក្នងក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ និងកងកម្លាំងទាំងបីប្រភេទ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះដែរ ដើម្បីថែរក្សាសុខភាពពលរដ្ឋ ក៏ដូចជាទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់តាមច្រកទ្វារព្រំដែនទាំងអស់ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក និងជំរុញឱ្យមន្ត្រីដែលមានតួនាទីភារកិច្ចនៅច្រកព្រំដែនទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យទំនិញឱ្យបានច្បាស់លាស់ ពិសេសឆែកឆេររកទំនិញដែលនាំចូលដោយខុសច្បាប់ ទំនិញផ្ទុកសារធាតុគីមីហាមឃាត់ឱ្យបានត្រឹមត្រូវ និងច្បាសលាស់បំផុត។
ទន្ទឹមនឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវរួមសហការគ្នាគិតគូរលើការងារលើកកម្ពស់គុណភាពសិក្សាអប់រំនៅមត្តេយ្យសហគមន៍ផងដែរ ពិសេសចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូនៅថ្នាក់មត្តេយ្យ ដើម្បីឱ្យក្លាយជាពុម្ពផលិតធនធានមនុស្ស និងធនធានជាតិតទៅអនាគត៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















0 Comments