ថ្នាក់ដឹកក្រសួងព័ត៌មាន និងអាជ្ញាធរខេត្តកំពតបានលើកឡើងថា បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើង ដោយសារភាពរីកមច្រើនលើផ្នែកបច្ចេកវិទ្យាទំនើបឌីជីថល ក្នុងនោះដែរការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតក៏មានច្រើន ពិសេសពេលមានសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ហើយមន្ទីរព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានមិនពិត ។
ថ្លែងនៅក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពត ឯកឧត្ដម សោម កុសល អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពត-កែប មានប្រសាសន៍ថា បច្ចុប្បន្នបច្ចេកវិទ្យាទំនើបសម័យឌីថល អ្នកប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើង ចំណែកការផ្សព្វផ្សាយព័ត៌មានតាមបែបប្រពៃណីមានការធ្លាក់ចុះ ប៉ុន្តែការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានមិនពិត មានដូចជា៖ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភ័នច្រឡំជាដើម ក៏បានកើតឡើងច្រើនជាងមុខដែរ។ ឯកឧត្តមបន្តថា តាមការសង្កេតនាពេលកន្លងមក មន្ទីរព័ត៌មានខេត្តកំពត បានដើរនាទីយ៉ាងសំខាន់ ធ្វើជាសេនាធិការឲ្យក្រសួង ពិសេសធ្វើជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយព័ត៌មានពិត អំពីសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលផ្សេងៗរបស់ខេត្ត។
ឯកឧត្តមបានកោតសសើរ និងបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញការងាររបស់មន្ទីរព័ត៌មានខេត្តកំពតក្នុងការគ្រប់គ្រងព័ត៌មាន ការផលិត និងការផ្សព្វផ្សាយព័ត៌ មានក្នុងមូលដ្ឋានខេត្តបានល្អ ហើយបានបន្សាបព័ត៌មានមិនពិត បានទាន់ពេលវេលា។ហើយ ឯកឧត្ដមក៏បានជំរុញអោយអាជ្ញាធរ មន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមសហការជាមួយមន្ទីរព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីសកម្មភាព និងសមិទ្ធផលនានា អោយកាន់តែទូលំទូលាយបន្ថែមទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត មានប្រសាសន៍ដែរថា ស្របពេលដែលប្រទេសរបស់យើង កំពុងជួបវិបត្តិសង្គ្រាមឈ្លានពានពីភាគីថៃ មន្ទីរព័ត៌ពិតជាបានឆ្លុះបញ្ចាំងអោយឃើញថា វិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ និងបានបន្សាបរាល់ព័ត៌មានមិនពិត ជូនដល់សាធារណៈ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់អោយ ចេះបែងចែករបស់ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនិងនោះដែរឯកឧត្ដមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រី នៃមន្ទីរព័ត៌មានទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីជំរុញនិងលើកកម្ពស់វិស័យព័ត៌មានក្នុងខេត្ត ឲ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត ថាលទ្ធផលការងាររបស់មន្ទីរព័ត៌មានឆ្នាំ២០២៥ ល្អប្រសើរជាងឆ្លាំកន្លងមក ក្នុងនោះការិយាល័យទូរទស្សន៍ បានចុះថត ផលិត និងផ្សព្វផ្សាយព័តមានបានចំនួន ៤៨៩ ព័ត៌មាន ការិយាល័យវិទ្យុបានផ្សាយព័ត៌មានសរុប ៥៥១៤ព័ត៌មាន ។ លោកស្រីប្រធានមន្ទីរជឿជាក់ថា តាមរយៈសាមគ្គីភាព និងការយកចិត្តទុកដាក់ សហការគ្នាយ៉ាងស្អិតរមួតរបស់មន្ត្រីទាំងអស់ និងដោយមានការលើកទឹកចិត្តពីក្រសួង ពិសេសឯកឧត្តមបណ្ឌិតអភិបាលខេត្ត នៅឆ្នាំ២០២៦ មន្ទីរនឹងសម្រេចលទ្ធផលការងារកាន់តែល្អប្រសើរបន្ថែមទៀតជាក់ជាមិនខាន៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























0 Comments